ករណីផ្ទុះហ្គាសនៅខេត្តសៀមរាប បានធ្វើអោយមហាជនពេញបណ្តាញសង្គម Facebook មានក្តីរន្ធត់យ៉ាងខ្លាំងជាពិសេសនៅពេលដែលបានទស្សនាវិដេអូស្តែងៗនៅក្នុងហេតុការណ៍នោះផ្ទាល់តែម្តង។ អ្វីដែលគេកត់សំគាល់នោះគឺមានមន្ត្រីនគរបាលខេត្តម្នាក់បានរងរបួសធ្ងន់ហើយកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ ប៉ុន្តែនៅក្នុងនោះដែរក៏មានជនរងគ្រោះ៣នាក់ទៀត រងរបួសរលាកភ្លើងដូចគ្នា ដោយក្នុងនោះមានសន្តិសុខឯកជនម្នាក់ និងជនបរទេស២នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នេះបើតាមការអោយដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងនថា មុនដំបូងមានរថយន្តមួយគ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះហើយចេញជាអណ្តាតភ្លើងឡើង បណ្តាលឱ្យផ្ទះអ្នកជិតខាងរងការខូចខាត ដោយបែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ ហើយបាននាំគ្នាជួយទាញទុយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នារត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដែលបានដឹកនាំបញ្ជាកម្លាំងក្នុងការជួយពន្លត់អគ្គិភ័យនេះ បានឲ្យដឹងថា យើងនៅមិនទាន់ដឹងអំពីចំនួនអ្នករងគ្រោះ និងមូលហេតុពិតប្រាកដនៅឡើយទេ ដោយសារម្ចាស់ហាង និងកម្មករទាំងអស់បានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមៗយើងថា មានមនុស្សចំនួន០៤នាក់ ដែលបានទទួលរងរបួសនៅក្នុងអំឡុងពេលកើតហេតុ ដែលខណៈពេលនេះ យើងរង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ ៕