ពេជ្រ សោភា កំពូលតារាចម្រៀងស្រីមួយដួងប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះបោះសម្លេងល្បីល្បាញមកជាង១៥ឆ្នាំមកហើយ ដោយតារាស្រីរូបនេះហាក់នៅតែអាចឈរនៅលំដាប់កំពូលមួយប្រចាំក្នុងវិស័យសិល្បៈតន្រ្តី។ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅម្សិលមិញនេះមានករណីករណីផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ដោយមានមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ព្រោះតែបានពលីខ្លួនឯងចូលជួយសង្គ្រោះ និងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។

មហាជនជាច្រើនបានសម្តែងការគោរព និងកោតសរសើរ ព្រមទាំងមានការប្រកាសស្វែងរកជំនួយផ្សេងៗព្រោះតែពេលនេះមន្ត្រីនគរបាលរូបនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសថៃ។ ក្នុងសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគ ក្នុងនោះក៏មានកំពូលតារាចម្រៀងស្រី ពេជ្រ សោភា ម្នាក់ដែរ ដោយអ្នកនាងបានរៀបរាប់ឲ្យដឹងនៅក្នុងបណ្តាញសង្គមថា៖ «អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីខ្លួនឯង នាងខ្ញុំ ពេជ្រ សោភា នឹងជួយគាត់ ជាទឹកប្រាក់ចំនួន ៤,០០០,០០០រៀល»៕