ថ្មីៗនេះកម្ពុជាបានទិញសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី MR WORLD 2019 ដោយលោក អ៊ូ សំខាន់ គឺជា MR WORLD CAMBODIA 2019 នឹងតំណាងបេក្ខភាពកម្ពុជា ជាលើកដំបូង ក្នុងកម្មវិធីប្រកួត លំដាប់ពិភពលោក MR WORLD 2019 នាទីក្រុង ម៉ានីឡា សាធារណរដ្ឋ ហ្វីលីពីន ក្នុងចំណោមបេក្ខជន១០០រូប មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក។ យោងតាមទំព័រផ្លូវការរបស់ Mr World Cambodia បានឲ្យដឹងថាពេលនេះឈុតតំណាងជាតិបានលេចចេញជារូបរាងហើយ ដោយឈុតដែលត្រៀមសំរាប់លោក អ៊ូ សំខាន់ មួយនេះមានឈ្មោះថា “បរមខន្តិយមហារាជាធិរាជលង្វែកបុរៈ” បង្កប់ទៅដោយអត្ថន័យស៊ីជម្រៅ។ ឈុតតំណាងជាតិមួយនេះគឺស្នាដៃដំឡើងដោយ លោក សាស្រ្តចារ្យ ចាន់ សោភ័ន សាស្រ្តចារ្យ នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យ សិល្បៈសូនរូប និង គ្រឿងអលង្ករណ៍ដ៏ស្រស់ស្អាត ចូលរួមពីសំណាក់ ប្អូន ចាន់ សុភាព។

ចំពោះអត្ថន័យនៃឈុតមួយនេះគឺ៖ «ព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូររាជធានីពីអង្គរ ព្រមទាំងត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពី ទួលបាសាន្ត (កំពង់ចាម) ភ្នំដូនពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង) និងក្រុងឧដុង្គ ជាដើម។ ទោះបីជាព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្តូររាជធានី ដោយយុទ្ធវិធី និងនយោបាយនានា ប៉ុន្តែសម័យលង្វែកត្រូវបានចងក្រងក្នុងប្រវត្តិសាស្រ្តនូវកេរដំណែលវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លាផ្ទាល់ប្រចាំយុគសម័យ។ ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ប្រជារាស្ត្របានទទួលនូវផ្ទៃដីធ្វើស្រែចម្ការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹកដល់កសិកម្ម។

ផ្នែកពាណិជ្ជកម្មបានរីកដុះដាលតាមរយៈការបង្ហាញតឹងតាងនៃប្រវត្តិសាស្រ្ត ស្តីពីទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស ដែលនាំឱ្យវិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ព្រមទាំងមានការធ្វើទំនាក់ទំនងជាមួយបរទេស ក៏ដូចជាភាពដុះដាលនៃវិស័យពាណិជ្ជកម្មបរទេសដ៏គួរឱ្យកត់សំគាល់ ។ តឹងតាងកេរដំណែលទាំងនេះបានបង្ហាញនូវវិសាលភាព និងតថភាពនៃសម្លៀកបំពាក់ខ្មែរនាសម័យលង្វែក បានបង្ហាញថាមានច្រើនទម្រង់ និងច្រើនរចនាបថ ដែលមានភស្តុតាង តាមរូបចម្លាក់ជាច្រើន និង តាមប្រាសាទនានា ដែលបានបង្ហាញថាដូនតាខ្មែរមានគំនិតច្នៃប្រឌិតខ្ពស់ដែលបញ្ជូលនូវរសនិយមតាមបែបផែនរបស់ខ្លួន ។ គណៈកម្មការនៃកម្មវិធីប្រកួត Mister World CAMBODIA បានពិចារណា និងយល់ឃើញថាគួរលើកយកនូវទម្រង់សម្លៀកបំពាក់នាសម័យលង្វែក ដែនដីសុវណ្ណភូមិដែលបរទេសប្រាថ្នាចង់បាន ជាដែនដីដ៏រុងរឿងដល់កំពូលដើម្បីឱ្យកូនខ្មែរបានយល់នូវវប្បធម៌ អរិយធម៌របស់ខ្លួន តាមរយៈតឹកតាងនានាដែលបន្សល់ទុកពីការដុតបំផ្លាញនូវអាណាចក្រដ៏រុងរឿងឧត្តុង្គឧត្តមនេះ»៕