កាលពីថ្មីៗនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមថៃ ដោយមានបុរសម្នាក់បានលោតពីលើស្ពានដើម្បីរើសយកម៉ែត្រវាស់ដែលធ្លាក់ជ្រុះចូលក្នុងភក់ទន្លេ។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯខេត្តឈុនបុរី ប្រទេសថៃ ដោយបុរសវ័យ៤១ឆ្នាំម្នាក់បានធ្វើឲ្យមានការចលាចលទាំងព្រឹកក្រោយពេលដែលគាត់សម្រេចចិត្តលោតចុះទៅក្នុងដីល្បាប់ភក់ទន្លេ ដើម្បីស្វែងរកម៉ែត្រព្រោះតែជាកេរដែលប្រពន្ធបន្សល់ឲ្យចុងក្រោយមុននឹងចែកឋាន។

យោងតាមការរាយការណ៍របស់លោក ថាណាផាធុន អ៊ុនហ្សីរី ដែលមានវ័យ២៩ឆ្នាំបានរៀបរាប់ឲ្យដឹងថា ខ្លួនបានឃើញស្បែកជើង និងមួក នៅលើស្ពាន លុះពេលក្រឡេកចុះក្រោមឃើញរូបលោក ណុបផន ភួងរ័ក្សា កំពុងនៅក្នុងដីភក់ក៏ប្រញ៉ាប់ខលវាយការណ៍ប្រាប់ប៉ូលីសឲ្យចុះមកជួយធ្វើអន្តរាគមន៍។ ពេលមកដល់កន្លែងកើតហេតុកងកម្លាំងប៉ូលីសបានធ្វើការជួយសង្គ្រោះបុរសរូបនោះចេញពីភក់ដោយប្រើខ្សែ ចំណាយពេលអស់ប្រមាណជាង៤០នាទី។

លោក ណុបផន ភួងរ័ក្សា បានឲ្យដឹងថា៖ «ដើមឡើយខ្លួនគឺជាជាងដែក ដែលកំពុងដើរពិនិត្យវាស់ប្រវែងដែកបង្កាន់ដៃស្ពាន ស្រាប់តែចៃដន្យម៉ែត្រដែលជាកេរបន្សល់ចុងក្រោយរបស់ប្រពន្ធគាត់បានជ្រុះចុះទៅបាតស្ពាន ដោយវាជារបស់មានតម្លៃបំផុតសម្រាប់ខ្លួន ខ្លួនក៏សម្រេចចិត្តលោតចុះដើម្បីស្វែងរកវាយកមកវិញ ដោយដំបូងគិតថាវាមិនជ្រៅខ្លាំងពេកនោះឡើយ ហើយក៏មិនចង់ឲ្យមានរឿងចលាចលកើតឡើងនោះដែរ»។ លោកបន្ថែមថា៖ «មនុស្សទូទៅអាចគិតថាម៉ែត្រមួយនេះអាចទិញថ្មីក្នុងតម្លៃ៣៥០បាតបាន មិនចាំបាច់លះបង់ខ្លួនធ្វើដល់ថ្នាក់នេះឡើយ តែសម្រាប់លោកម៉ែត្រនេះវាគឺជារបស់មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះតែវាជាកាដូចុងក្រោយរបស់ភរិយាលោកជូនលោក ថែមទាំងផ្តាំលោកឲ្យថែរក្សាវាឲ្យបានល្អថែមទៀតផង»៕