កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីហ្គាសមួយបានកើតឡើងនៅស្ថានីយ៍បញ្ចូលហ្គាស LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតានើយ ខេត្តសៀមរាប បណ្តាលឲ្យមនុស្សចំនួន១៣នាក់បានរងរបួស ក្នុងនោះក៏មាននារីជនជាតិបរទេស២រូបបានរងរបួសធ្ងន់ធ្ងរ ដោយម្នាក់មានឈ្មោះ ABIGAIL ALEXANDER អាយុ១៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ZOE ELEFTHERIOU អាយុ២២ឆ្នាំ។

ទាក់ទងនឹងករណីនេះផងដែរ នារីជនជាតិខ្មែរ ដែលត្រូវជាមិត្តភក្តិរបស់នារីជនជាតិបរទេសរងគ្រោះទាំង២នាក់ខាងលើ បានបង្ហោះសារសុំជំនួយពីបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយទៅដល់មិត្តភក្តិរបស់គាត់។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Then Sro Tom បានឲ្យដឹងដូច្នេះថា “អាណិតឡេីងខ្លោចចិត្ត​ មិនដឹងនិយាយថាមិច។ គាត់តែងនិយាយថាស្រលាញ់កម្ពុជាណាស់​ នៅទីនេះសប្បាយហេីយសុវត្តិភាព។ ប៉ុន្តែមិនដល់ប៉ុន្មាននាទីផងអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង។ មានបរទេសសួរខ្ញុំថា​ តេីក្រុមហ៊ុននោះទទួលខុសត្រូវទេ​ ចំពោះបញ្ហានេះ? ខ្ញុំបានត្រឹមតែឆ្លេីយថា​ ចាំចម្លេីយពីបងៗប៉ូលីសសិន តែចម្លេីយចេញហេីយគឺកន្លែងបេីកលក់ហ្គាសហ្នឹងគ្មានការអនុញ្ញាតទេ​។ ដូចនេះមានន័យថាគ្មាននរណាមកទទួលខុសត្រូវឡេីយ។ ក្នុងនាមខ្ញុំជាខ្មែរម្នាក់​ នឹងជាមិត្តភក្តិម្នាក់ពិតជាសោកស្តាយមែនទែន​ ចំពោះហេតុការណ៍មួយនេះដែលបានកេីតឡេីងទៅលេីពួកគាត់ទាំង២នាក់​ រួមទាំងបងប្អូនខ្មែរមួយចំនួនទៀត។ ឥលូវនេះពួកគាត់ទាំង២​ ក៏ត្រូវការជំនួយផងដែរ។ ម្នាក់បានបញ្ជូនទៅថៃ​ព្រោះគាត់មានធានារ៉ាប់រង​ ប៉ុន្តែម្នាក់ទៀតគ្មានធានារ៉ាប់រងទេ​ បានបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែតភ្នំពេញតែគាត់បានផ្លាស់ចេញទៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរវិញ​ ដោយសារសភាពគាត់ធ្ងន់ធ្ងរហេីយនៅពេទ្យកាល់ម៉ែតគ្មានសម្ភារះគ្រប់គ្រាន់។ សូមអោយពួកគាត់ឆាប់ជាសះស្បេីយ”៕