កាលពីថ្មីៗនេះមានយុវជន យុវនារីមួយក្រុម ដែលត្រូវបានគេស្គាល់ថាជាក្រុម ក្រុមយុវជនស្រ្តីដើម្បីសង្គម បានប្រមូលគ្នីគ្នាជាច្រើននាក់មកធ្វើការសម្អាតសំរាមតាមតំបន់ទេសចរណ៍ក្នុងខេត្តចំនួន៣ ដែលសុទ្ធសឹងជាខេត្តជាប់សមុទ្រក្នុងនោះមានដូចជា កំពត កែប និងព្រះសីហនុ។ ក្រុមនារីៗ និងបុរស ដែលស្លៀកពាក់អាវយឺតពណ៌លឿង មានគ្នាច្រើននាក់បានលះបង់ពេលវេលាខ្លួនដើម្បីសម្អាតសំរាម ព្រោះតែពួកគេមានគោលបំណងមិនខុសគ្នាពីយុវជនសំរាមប៉ុន្មានឡើយ គឺចង់ឲ្យប្រទេសជាតិមានសោភ័ណ្ឌភាពស្អាត។

យោងតាមប្រភពគណនី ក្រុមយុវជន ស្រ្តី ដើម្បី សង្គម បានរៀបរាប់ឲ្យដឹងថា៖ «សកម្មភាពដែលមនុស្សគ្រប់គ្នាតែងតែមើលរំលង និងមិនរវីរវល់ មិនចំណាយពេលព្រោះទាំងនេះជាសកម្មភាពដែលហត់នឿយគ្មានប្រាក់ចំណូល ហើយគិតថាជាទង្វើគ្មានប្រយោជន៍។ សូមបងប្អូនពលរដ្ឋទាំងអស់មេត្តាចំណាយពេល និងយកចិត្តទុកដាក់ចំពោះសង្គមជាតិមាតុភូមិរបស់ខ្លួនផង! កុំចាំគេមកអភិវឌ្ឍន៍ ត្រូវអភិវឌ្ឍន៍សង្គមដោយដៃរបស់ខ្លួនឯងទើបប្រពៃ។ ចាប់ផ្តើមពីយើងទាំងអស់គ្នា ទាំងនេះជាសកម្មភាពរបស់ក្រុមយុវជន ស្រ្តី ដើម្បី សង្គម សំរាប់ថ្ងៃនេះនៅក្រុងកែប ដោយក្តីរីករាយទាំងអស់គ្នា»៕