កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ​មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះជនរងគ្រោះមានចំនួន១៣នាក់ ជនបរទេសចំនួន២នាក់ មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ព្រោះតែបានពលីខ្លួនឯងចូលជួយសង្គ្រោះ និងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។

មហាជន ព្រមទាំងសិល្បករសិល្បការិនីជាច្រើនបានប្រកាសស្វែងរកជំនួយ និងផ្តល់ជំនួយ ក្នុងនោះតារាសម្តែងស្រី និងពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានចូលរួមឧបត្ថម្ភដូចគ្នា។ ដោយនាងបានរៀបរាប់ក្នុងបណ្តាញសង្គមថា៖ «នាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន ម្ចាស់ផលិតផលយូមី​ ចូលរួមឧប្ថមថវិការចំនួន​250$ ដល់បងប្រុសនរគរបាលដែលបានរងគ្រោះក្នុងការជួយសង្គ្រោះប្រជាជនក្នុងករណីផ្ទុះហ្គាសនៅសៀមរាប។ បេីបងប្អូនចង់ចូលរួមជួយគាត់ដែរគឺអាចទាក់ទងសាច់ញាតិរបស់គាត់បាន:​ 069777767 / 077987819 / 011444009»៕