ករណីចោរកម្មហាក់នៅតែបន្តកើតមានឡើងជាញឹកញាប់ បើទោះបីជាក្រុមសមត្ថកិច្ចបានចុះចាប់បង្រ្កាប និងធ្វើអន្តរាគមន៍ច្រើនលើកច្រើនសារ តែហាក់នៅមានកម្រិតនៅឡើយ។ យោងតាមប្រភពទំព័រហ្វេសប៊ុករបស់ហាងលក់ទូរស័ព្ទឈ្មោះថា TKT Phone Shop តាំងកសាងថ្មីលក់ទូរសព្ទ័ដៃទំនើប បានបង្ហោះវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាពពីសកម្មភាពក្រុមចោរមួយក្រុមលួចគាស់ទ្វារហាងដោយមិនមានការខ្លាចរអា។

ម្ចាស់ទំព័រខាងលើបានរៀបរាប់ឲ្យដឹងថា​៖ «នេះ​ជាសកម្ម​ភាព​ ចោរលួច​គាស់​ទ្វារ​ហាង​របស់​ខ្ញុំ​ ក្នុងអំឡុងពេល​ម៉ោង​២:១៥នាទី​ ឈាន​ចូល​ថ្ងៃ​ទី១៦.០៨.២០១៩នេះ ចោរ​នេះ​ជិះ​សុទ្ធតែ​ឡាន​ទំនើប​ Land ​Cruiser​ សូម​ជួយ​សែរ​ផង​ និង​ ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​»។ មហាជនជាច្រើនក៏បានចែករំលែក ព្រមទាំងខំមិនសង្ស័យថាក្រុមចោរមួយក្រុមនេះជាជនជាតិចិន ព្រោះសម្អាងតាមរូបរាង និងឡានទំនើបដែលពួកគេប្រើប្រាស់។ ខាងក្រោមនេះគឺជាវីដេអូនៃសកម្មភាពជនខិលខូចគាស់ទ្វារ សូមបងប្អូនទាំងអស់ ជាពិសេសអាជីវករបង្កើនការប្រុងប្រយ័ត្ន៕