ថ្មីៗនេះកម្ពុជាបានបញ្ជូនកម្លោះសង្ហា អ៊ូ សំខាន់ ធ្វើជាបុរសឯក MR WORLD CAMBODIA 2019 និងតំណាងបេក្ខភាពកម្ពុជា ជាលើកដំបូង ក្នុងកម្មវិធីប្រកួត លំដាប់ពិភពលោក MR WORLD 2019 នៅទីក្រុង ម៉ានីឡា សាធារណរដ្ឋ ហ្វីលីពីន ក្នុងចំណោមបេក្ខជន១០០រូប មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក។

ពេលនេះការបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានប្រជាប្រិយភាពតាមប្រព័ន្ធអេឡិចត្រូនិចបានបើកហើយ ដោយយោងតាមប្រភពទំព័រផ្លូវការរបស់ Mr World Cambodia បានរៀបរាប់ឲ្យដឹងថា៖ «សូមជម្រាបជូនពុកម៉ែ មាមីង អ៊ុំពូ បងប្អូននិងប្រិយមិត្តទាំងអស់!

កម្មវិធីប្រកួត MR WORLD 2019 ដែលមានខ្ញុំបាទ អ៊ូ សំខាន់ ជាបេក្ខជនតំណាងបេក្ខភាពកម្ពុជា MR World Cambodia 2019 បានបង្កើតនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបោះឆ្នោតគាំទ្រចំពោះបេក្ខជនទាំងអស់តំណាងប្រទេសនីមួយៗ ពីសំណាក់ប្រជាជននៃប្រទេសនោះ និងប្រិយមិត្តដែលមានចិត្តគាំទ្រ ដើម្បីឱ្យបេក្ខជនរូបនោះទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាឱកាសនៃការក្លាយជាបេក្ខភាពវគ្គជម្រុះនីមួយៗនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែសីហា ខាងមុខ។

វិធីសាស្រ្តក្នុងការចូលរួមបោះឆ្នោតគាំទ្រ៖
១. ប្រើទូរស័ព្ទដៃ ស្មាតហ្វូនរបស់លោកអ្នក រួចចូលទៅកាន់គេហទំព័រ www.missworld.com បន្ទាប់មកចុចត្រង់រូបមនុស្ស ដូចមានបង្ហាញជូនក្នុងរូប ដើម្បីចុះឈ្មោះ
២. អ្នកអាចចុះឈ្មោះចូលជាសមាជិកនៃប្រព័ន្ធតាមរយៈ Facebook User ឬ Email Address របស់ខ្លួនបាន
៣. បន្ទាប់មកគេហទំព័រនឹងនាំអ្នកត្រឡប់ទៅរកគេហទំព័រផ្លូវការវិញដោយមានរូបអ្នកជាសមាជិក។ នៅទីនោះមានកម្មវិធី MISS WORLD & MR WORLD, សូមជ្រើសរើសយក MR WORLD រួចចុចបន្តនៅពាក្យ Contestants, គេហទំព័រនឹងបង្ហាញរូបបេក្ខជននៃកម្មវិធីប្រកួតឆ្នាំ២០១៩
៤. សូមរុញចុះមកក្រោមដើម្បីរករូបខ្ញុំបាទ អ៊ូ សំខាន់ ជាបេក្ខជនតំណាងបេក្ខភាពកម្ពុជា MR World Cambodia 2019 រួចចុចត្រង់ពាក្យថា VOTE FOR ME
នោះមានន័យថាលោកអ្នក និងប្រិយមិត្តទាំងអស់បានចូលរួមបោះឆ្នោតគាំទ្រចំពោះរូបខ្ញុំបាទរួចរាល់ហើយ។ សូមថ្លែងអំណរគុណចំពោះកម្លាំងចិត្តដ៏មហិមានេះ»៕