ថ្មីៗនេះ មានការជជែកវែកញែកមួយផ្ទុះពេញបណ្តាញសង្គម ក្រោយមានករណីអ្នកសម្អាតអនាម័យ និងសន្តិសុខនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រមូលស្បែកជើងយកអ្នកកំដរអ្នកជម្ងឺបោះចោល។ យោងតាមប្រភពគណនីឈ្មោះថា​ ផ្ទះ តុក្កតា បានបង្ហោះថា៖ «នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ពេទ្យក្នុងបន្ទប់គេង ពេទ្យសម្ដីល្អណាស់ តែអ្នកអនាម័យ និងសន្តិសុខ សំដីដាក់អ្នកជំងឺគ្មានសីលធម៌ក្នុងខ្លួនសោះ។ បេីអ្នកអនាម័យបេីកភ្នែកមកព្រឹកជេរ ល្ងាចជេរ ស្បែកជេីងយកទៅបោះចោលចូលធុងសំរោម គួរតែអាណិតគ្នាផង គ្មានអ្នកណាចង់ឲ្យកូនឈឺហេីយ ឲ្យគេជេរព្រឹកល្ងាចទេ មនុស្សដូចគ្នាគួរតែយល់ផង។

នេះបេីកូនខ្ញុំមិនត្រូវបញ្ជូនមកពេទ្យនឹងទេ ដាច់ខាតខ្ញុំមិនមកទេព្រោះពិបាកណាស់ នៅមានសន្តិសុខនៅក្រោមម្នាក់ទៀត ខ្ញុំមិនបានថតមុខគាត់ទេ នៅទ្វារក្រោយខ្លះមានប្ដីប្រពន្ធប្ដីចុះទិញបាយមកវិញមិនឲ្យគ្នាចូលតាំងពីម៉ោង ១១ ដល់ ៥ល្ងាច បានឲ្យគ្នាចូល។ ពួកមកមេីលកូនពេលខ្លះឡេីងមកដេញទុកតែម្នាក់ឲ្យនៅមេីលកូនគួរតែយល់ហេីយ ដៃណាកាន់សេរ៉ូមដៃណាលួងកូនវាពិតជាពិបាកណាស់គួរតែយល់ផង។ ខ្ញុំផុសនេះគ្រាន់តែចង់ឲ្យពួកគាត់យល់ផង កែបានកែខ្លះទៅ មនុស្សដូចតែគ្នាទេ កុំមេីលងាយមនុស្សពេកកុំគិតថា ពួកគាត់មកពេទ្យនឹងសុទ្ធតែអ្នកអត់លុយ អ្នកខ្លះគេតម្រូវឲ្យមកទេីបគេមក។ ចឹងសូមមេត្តាផង បេីខ្លាចហត់ទៅដេកផ្ទះទៅកុំមកធ្វេីការឲ្យគេ ហេីយពួកអ្នកឯងក៏គ្មានសិទ្ធនិយាយស្ដីថាឲ្យខ្ញុំដែល ព្រោះពួកអ្នកឯងមិនបានស្មើអ្នកយាមទ្វារផ្ទះខ្ញុំផង កូនចៅខ្ញុំ ខ្ញុំប្រដៅបានល្អណាស់មិនឲ្យរេីសអេីងអ្នកដទៃ មិនឲ្យមេីលងាយគេចឹងទេ យល់ពេទ្យក្នុងបន្ទប់សម្ដីពួកគាត់ល្អណាស់ តែអ្នកអនាម័យ និង សន្តិសុខចប់»។

យ៉ាងណាមិញក៏មានមតិជាច្រើនបានសម្តែងការយល់ស្រប ដោយឡែកក៏មានមតិមួយចំនួនទៀតបានមិនយល់ស្របព្រោះតែបានលើកហេតុផងសម្អាងថា នៅមន្ទីរពេទ្យមានច្បាប់ពេទ្យ ដោយស្បែកជើងតម្រូវឲ្យទុកដាក់លើធ្នើត្រឹមត្រូវ ដើម្បីជៀសវាងការរុញរទេះអ្នកជម្ងឺមកប៉ះក្រឡាច់បង្កឲ្យមានគ្រោះថ្នាក់ និងដើម្បីទទួលបានសណ្តាប់ធ្នាប់ជាមួយរបៀបរៀបរយផងដែរ។ មុននឹងអ្នកអនាម័យឈានដល់ការធ្វើបែបនេះគឺគាត់បានប្រាប់ជាច្រើនលើកច្រើនសារមកហើយ តែពុំមានអ្នកស្តាប់ឬទទួលលទ្ធផល ហេតុដូចនេះបន្ទោសតែម្ខាងក៏វាមិនត្រូវ។ ចុះបងប្អូនយល់យ៉ាងណាវិញចំពោះបញ្ហានេះ?