ចូលមកដល់វគ្គ The Six Chairs Challenge សប្តាហ៍ទី២ ក្នុងកម្មវិធី X Factor Cambodia បេក្ខជន បេក្ខនារីនីមួយៗហាក់មានភាពតានតឹងជាពិសេសចំពោះគណៈកម្មការដាក់ពិន្ទុផ្ទាល់តែម្តង។ បេក្ខជន បេក្ខនារីនីមួយៗ សុទ្ធតែខ្លាំង ដូចនេះហើយអ្នកមិនអាចធ្វេសប្រហែសបាននោះឡើយ ព្រោះតែបើភ្លាត់បន្តិចកៅអីអាចនឹងរបូតទៅដៃអ្នកផ្សេងជាក់ជាមិនខាន។ ក្រុម THE OVER គឺជាក្រុមមួយដែលប្រមូលផ្តុំបេក្ខជនចំនួន១២រូបដែលមានអាយុលើសពី២៥ឆ្នាំ និងត្រូវទទួលបានការគ្រប់គ្រងដោយគណៈកម្មការ សុខ សីឡាលីន។

បេក្ខនារីបន្ទាប់ដែលនឹងឡើងមកបញ្ចេញសមត្ថភាពគឺ ថុន ស្រីយ៉ា ជាបេក្ខនារីតែម្នាក់គត់នៅក្នុងក្រុមមួយនេះ។ ទោះបីជាបែបនេះក្តី ប៉ុន្តែសមត្ថភាពរបស់បេក្ខនារីរូបនេះគឺពុំអាចមើលស្រាលបានឡើយ ស្រីតែម្នាក់ក៏ពិតមែន តែបុរសៗមួយចំនួនមិនប្រាកដថាផ្តួលសមត្ថភាពច្រៀងរបស់នាងបាននោះឡើយ។ ជាមួយការបកស្រាយបទ “មានបទចម្រៀងមួយណាធ្វើឲ្យបងនឹកអូន” បានធ្វើឲ្យ ថុន ស្រីយ៉ា ទទួលបានកៅអីទីប្រាំមួយដែលជាកៅអីចុងក្រោយសម្រាប់អង្គុយ។ តើកៅអីនេះអាចមានការផ្លាស់ប្តូរឬអត់ មានតែរង់ចាំមើលជាមួយគ្នា!