មុននេះបន្តិចផ្ទុះការរិះគន់ចំពោះ លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី X Factor Cambodia ដែលត្រូវជម្រុះក្នុងវគ្គ The Six Chair Challenge។ ដោយការរិះគន់នេះគឺផ្តើមចេញពីគណនីហ្វេសប៊ុកឈ្មោះថា Ith Ith ដែលបានបង្ហោះវីដេអូឆាតរវាងខ្លួនជាមួយ លៀង ចាន់ឡា ហើយខ្លួនក៏បានបង្ហោះសារថានាងវាយឬកជាងតារាល្បីទៅទៀត។ ក្រោយមក លៀង ចាន់ឡា ក៏បានធ្វើការ Lives វីដេអូបកស្រាយដើម្បីលុបបំបាត់ការយល់ច្រឡំ ព្រមទាំងបញ្ចេញសារដែលរូបនាងឆ្លើយឆ្លងជាមួយម្ចាស់គណនីខាងលើផងដែរពីការសម្រួលគ្នា និងសុំទោសគ្នាទៅវិញទៅមក។

ក្រោយផ្ទុះរឿងនេះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរួចមកអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរក៏បានបង្ហោះសារពាក់ព័ន្ធរឿងនេះថា៖ «ជាមនុស្សប្រុសគួររក្សាចិត្តអោយធ្ងន់ ស្តាប់ហេតុផលអោយបានច្រើន ត្រូវមានការអនុគ្រោះអោយបានច្រើន កំហុសម្តងពីរដង ដែលធ្វើអោយអ្នកមិនពេញចិត្តកុំអាលបរិហារកេរ្តិ៍គេ ចរិតពិតនៃមនុស្សប្រុសមិនត្រូវធ្វើបែបនេះទេ។ បើជាហ្វេនពិតប្រាកដគឺមិនគួរធ្វើបែបនេះទេ គ្នាក៏សុំទោសដែរ។ ចាន់ឡា ដើរលើផ្លូវនេះត្រូវត្រៀមចិត្ត នៅមានច្រើនករណីទៀតដែលមនុស្សកើតចេញពីគ្រួសារក្រីក្រ រស់នៅខេត្ត ហើយបន្សាត់ខ្លួនចូលទីក្រុង និង សង្គមសិល្បៈដែលពោរពេញដោយការប្រកួតប្រជែង ច្រណែន ឈ្នានីស ដែលក្មួយមិនទាន់ស្គាល់ថាសង្គមមួយនេះត្រូវបត់បែនខ្លួនយ៉ាងណា និង សម្ពាធយ៉ាងណាពីមហាជន និង អ្នកគាំទ្ររបស់ខ្លួន។ ត្រូវដឹងថា គ្នាជាអ្នកក្រ មិនទាន់ដឹងរាក់ជ្រៅ មិនទាន់ចេះរៀបឬកជាតារាល្បី នៅមានចរិតត្រង់ អនុគ្រោះបានគួរអនុគ្រោះទៅ ធ្វើបែបនេះដូចចង់អោយគ្នាបកទៅធ្វើស្រែវិញ»៕