ថៃ៖ ថ្មីៗនេះផ្ទុះរឿងភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃក្រោយសមាជិកក្រុមស្រី BNK48 របស់ថៃ នាង Kaew ដែលជាសមាជិកមានអាយុច្រើនជាងគេ ត្រូវបានថ្នាក់លើប្រកាសផ្អាកការសម្តែងរបស់នាងរយៈពេលមួយខែ ក្រោយលេចរឿងអាស្រូវប្រើប្រាស់ផលិតផលប្រ៊េនក្លែងក្លាយ ដោយប្រ៊េនទាំងអស់នោះសុទ្ធតែជាម៉ាកល្បីៗមានដូចជា Louis Vuitton, Gucci, Balenciaga, Prada, Chanel, Coach, MCM។ នាង Kaew BNK48 មានអាយុ២៥ឆ្នាំជាតារាចម្រៀង និងសម្តែង នាងជាសមាជិកដែលមានអាយុច្រើនជាងគេបំផុតក្នុងចំណោមសមាជិកសរុបជាង៥០នាក់។ នាងត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថា “Queen” ព្រោះតែការនិយមតុបតែងខ្លួន ជាមួយការប្រើប្រាស់របស់របរដែលមានយីហោម៉ាកល្បី និងមានតម្លៃថ្លៃ។

ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះត្រូវបានគេទម្លាយ និងជីករើសគល់ឲ្យដឹងថាសម្ភារៈដែលនាងប្រើប្រាស់ទាំងអស់គឺសុទ្ធសឹងតែជារបស់ក្លែងក្លាយ និងជារបស់លួចចម្លងម៉ូតខុសច្បាប់។ ក្រោយបែកធ្លាយរឿងមួយនេះភ្លាមរូបនាងត្រូវបានអ្នកគ្រប់គ្រងក្រុម BNK48 ហៅជួបចរចារ និងប្រកាសផ្អាកការងារភ្លាមៗតែម្តង។ លើសពីនេះប្រសិនបើការស៊ើបអង្កេតត្រូវបានរកឃើញថានាងជាអ្នកតំណាងឲ្យចូលនូវផលិតផលកូពីក្លែងក្លាយខុសច្បាប់នោះនាងអាចនឹងទទួលទោសដោយការផាកពិន័យចំនួន ៤០០,០០០ បាតសម្រាប់ផលិតផលមួយ ព្រមទាំងអាចត្រូវជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ៕