ហ្វីលីពីន៖ សូមអបអរដល់ លោក អ៊ូ សំខាន់​ ជា Mr World Cambodia បានជាប់ក្នុងជម្រើស Top 25 នៃការប្រឡងវិញ្ញាសាដើរម៉ូត Mr World 2019 Top Model។ វិញ្ញាសាប្រឡងដើរម៉ូតក្នុងឈុតហែលទឹកនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅ Cubao ក្រុង Quezon ប្រទេសហ្វីលីពីន។ ទោះបីជាកម្ពុជាទើបតែបញ្ជូនបេក្ខជនតំណាងកម្ពុជាក្នុងកម្មវិធីប្រឡង MR WORLD ជាលើកដំបូងប៉ុន្តែលោក អ៊ូ សំខាន់​ ធ្វើបានយ៉ាងល្អក្នុងវិញ្ញាសា Top Model ដោយបានជាប់ក្នុងជម្រើស TOP25។

ដោយលោកបានសរសេររៀបរាប់ថា៖ “សូមចូលរួមរីករាយជាមួយខ្ញុំបាទ ដែលទទួលបាននូវការជ្រើសរើស Mr World 2019 Top Model Top 25 កាលពីកម្មវិធីរាត្រីយប់មិញ។ សូមអរគុណកម្លាំងចិត្តទាំងអស់ពីប្រជាជនកម្ពុជា ខ្ញុំបាទនឹងខិតខំអស់សមត្ថភាព ដើម្បីកម្ពុជាឆ្នាំដំបូងក្នុងកម្មវិធីកម្រិតអន្តរជាតិ MR WORLD 2019″។ គួរបញ្ជាក់ថាកម្មវិធីប្រកួត លំដាប់ពិភពលោក MR WORLD 2019 វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ សីហា ខាងមុខ នៅទីក្រុង ម៉ានីឡា សាធារណរដ្ឋ ហ្វីលីពីន ក្នុងចំណោមបេក្ខជន៧២រូប មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក៕