ភ្នំពេញ៖ ខ្សែភាពយន្តបាញ់ប្រហារ Angel Has Fallen ដែលមានរយៈពេល១២១នាទី ត្រូវបានធ្វើការចាក់បញ្ចាំងជាពិសេសគឺ premiere ដែលរោងកុន Major Cineplex by Smart Aeon Mall បានរៀបចំជាពិសេសដល់អ្នកគាំទ្រ និងតារាល្បីៗបានចូលរួមជាច្រើននាក់ផងដែរ។

ក្នុងការចាក់បញ្ជាំងនេះគឺរោងកុន Major cineplex បានរៀបចំរហូតដល់ទៅ២រោងកុនឯណោះ មានការទស្សនាបែប 2D និង 4DX។ ជាការពិតណាស់ក្រៅពីសាច់រឿងល្អមើលហើយ អ្នកទស្សនាជាប្រភេទ 4DX បានលើកឡើងថា បន្ទាប់ពីអ្នកទស្សនាបានទស្សនាខ្សែភាពយន្ត Angel Has Fallen ប្រភេទ 4DX រួចមកពិតជាទទួលបាននូវភាពរំភើបដោយពួកគេបានទទួលនូវអារម្មណ៍ពិតៗហើយធ្វើឱ្យអ្នកទស្សនាប៉ះដោយផ្ទាល់ នូវស្ថានភាពទាំងឡាយដូចជាខ្យល់ ភ្លៀង ការបាញ់កាំភ្លើង បោកគ្រាប់បែក និងលក្ខណៈផ្សេងៗទៀត ដែលនៅលើអេក្រង់បានបង្ហាញគឺដូចខ្លួន​ឯងស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់។

ចំពោះសាច់រឿង Angel has fallen ជាខ្សែភាពយន្តបាញ់ប្រហារ ដែលនិយាយពីការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក ពីសំណាក់ក្រុមទុច្ចរិតលាក់មុខ ដោយបានរៀបចំផែនការយ៉ាងសំងាត់មួយដើម្បីទម្លាក់កំហុសទៅលើភា្នក់ងារ ជំនិតរបស់ប្រធានាធិបតីផ្ទាល់គឺ Mike banning ។ ការវាយប្រហារនេះគឺជាសកម្មភាពទ្រង់ទ្រាយធំដោយមានការប្រើប្រាស់នូវរៀបចំនូវអាវុធទំនើបៗបំពាក់ដោយបច្ចេកវិទ្យាខ្ពស់បណ្តាលឱ្យក្រុមកងការពារប្រធានាធិបតីស្លាប់បាត់បង់ជិវិតជាច្រើននាក់ ហើយមានតែភ្នាក់ងារMike និងលោកប្រធានាធិបតីប៉ុណ្ណោះដែលគេចផុតពីសេចក្តីស្លាប់។ ក្រោយហេតុការណ៍នេះកើតឡើងភ្នាក់ងារ Mike Banning ត្រូ​វបានFBIចាប់ខ្លួនពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី។ ក្រៅពីការពារសុវត្ថិភាពជូនប្រធានាធិបតីហើយនោះ ក្នុងវគ្គនេះភា្នក់ងារ Mike banning ក៏មានបេសកម្មសំខាន់មួយទៀតគឺត្រូវវែកមុខរកឱ្យឃើញក្រុមដែលនៅពីក្រោយការវាយប្រហារនេះដើម្បីរកភាពស្អាតស្អំរបស់ខ្លួនមកវិញ។ ប៉ុន្តែថាតើ Mike អាចនឹងសម្រេចភារកិច្ចបានយ៉ាងដូចម្តេចខណៈ ដែលខ្លួនកំពុងជាប់ទោសពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី?ចង់ដឹងថាតើបេសកកម្មរបស់ភ្នាក់ងារ Mike Banning អាចសម្រេចបានជោគជ័យឫអត់ កុំភ្លេចតាមដានទស្សនារឿង Angel Has Fallen ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះនៅរោងភាពយន្ត Major Cineplex គ្រប់សាខា៕