សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាមួយចំនួនជួយសម្រាលជីវភាពដល់ គ្រូប្រដាល់ក្បាច់គុនបុរាណខ្មែរ អេ ភូថង ដែលកំពុងសង្គ្រោះបន្ទាន់ជំងឺធ្ងន់ធ្ងរនៅកាល់ម៉ែត
សង្គម August 22, 2019 sovann khmernote

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះលោក អេ ភូថង អតីតកំពូលអ្នកប្រដាល់ដ៏ល្បីរបស់កម្ពុជាកំពុងសម្រាកព្យាបាលជំងឺដែលទំនងជាធ្ងន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ហើយជីវភាពលោកក៏ខ្វះខាតកំពុងត្រូវការជំនួយជាថវិកាជាបន្ទាន់។ បន្ទាប់ពីបានជ្រាបនូវដំណឹង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ នេះ កាក​បាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជួយសម្រាលជីវភាពដល់ គ្រូប្រដាល់ក្បាច់គុនបុរាណខ្មែរ លោក អេ ភូថង ដែលកំពុងសង្គ្រោះបន្ទាន់ជំងឺធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសើរដល់លោក អេ ភូថង ដែលបានខិតខំតស៊ូចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈក្បាច់គុណបុរាណខ្មែរ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺឡើងវិញ។ ភរិយាលោក អេ ភូថង ដែលមកទទួលអំណោយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕ ប្រភព៖ កាកបាទក្រហមកម្ពុជា