កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយមហាជននាំគ្នាលើកកោតសរសើរលោកជំទាវ ទាង អេង ដែលភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប ដោយលោកជំទាវបានប្រើប្រាស់កាបូបកំប្លោក និងកាបូបចាក់ ដែលជាផលិតផលរបស់ខ្មែរ មិនថាចូលរួមកម្មវិធីធំៗ សកម្មភាពមនុស្សធម៌ គេតែងតែឃើញលោកជំទាវប្រើប្រាស់កាបូបប្រភេទនេះ ដោយកម្រឃើញលោកជំទាវប្រើប្រាស់កាបូបស្បែកប្រេនៗណាស់។

ពេលនេះលោកជំទាវ ទាង អេង បានធ្វើការបកស្រាយពីមូលហេតុឲ្យបងប្អូនបានដឹងថា៖ «នាពេលកន្លងថ្មីៗ នេះឃើញថាមានពាក្យពេចន៍នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលបាន Share និង Like នៅរូបភាពរបស់នាងខ្ញុំដោយមិនបានដឹងខ្លួន នាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន នៅក្នុងបណ្ដាញសង្គម និងអ្នកសារព័ត៌មាន ចំពោះគ្រប់រូបភាព និងខ្លឹមសារទាំងឡាយដែលបានបង្ហោះ និងចែកចាយ។ កត្តាសំខាន់ដែលបណ្តាលអោយនាងខ្ញុំងាកមកស្រឡាញ់ និងគាំទ្រសិប្បកម្មកាបូបកំប្លោក ធ្វើពីស្នាដៃរបស់ខ្មែរយើង ព្រោះនាងខ្ញុំមើលឃើញថា នេះគឺជាសិល្បៈ និងវប្បធម៌ អរិយធម៌ ជាយូរឡុងរបស់ខ្មែរយើងដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះយើងគួរតែងាកមកផ្តល់តម្លៃ និង លើកស្ទួយសិប្បកម្មផលិតក្នុងស្រុកអោយបានច្រើន ដើម្បីជួយអោយបងប្អូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែម។ កាបូបកំប្លោក បាលិលេយ្យ សៀមរាបផ្ទះខ្ញុំ»៕