ទីបំផុតខ្សែភាពយន្តហុងកុង “The White Storm 2: Drug Lords” បានមកដល់រោងកុនលេជិនហើយ។ ដោយខ្សែភាពយន្តនេះមានការចូលរួមសម្តែងដោយតារាហុងកុងជើងចាស់ល្បីៗដូចជា លោក Andy Lau ដោយប្រជាជនកម្ពុជាស្គាល់ថាជា​ លី​ តៅ​ហួ លោក Louis Koo និងលោក Michael Miu។

ខ្សែភាពយន្តនេះគឺបាននិយាយពីស្តេចចែកចាយគ្រឿងញៀននៅហុងកុងឈ្មោះ Jizo សម្តែងដោយលោក Louis Koo បានពង្រីកខ្លួនបន្តិចម្តងៗរហូតបានសហការជាមួយមេគ្រឿងញៀនមួយចំនួននៅម៉ិកស៊ិកឆ្លងកាត់ព្រំដែន។ យ៉ាងណាមិញក៏មានលោក Yu Shun-tin សម្តែងដោយលោក លី តៅហួ បច្ចុប្បន្នជាសេដ្ឋីខាងហិរញ្ញវត្ថុធ្លាប់រងគ្រោះពីកុមារភាពដោយឃើញឪពុកម្តាយវេទនាព្រាត់ប្រាស់គ្នាដោយសារតែគ្រឿងញៀន ជាហេតុធ្វើឲ្យលោកមានចិត្តស្អប់ចំពោះអ្នកចែកចាយគ្រឿងញៀន។ ហេតុនេះហើយធ្វើឲ្យលោកប្រកាសតាមរយៈសារព័ត៌មានថាលោកនឹងផ្តល់រង្វាន់ចំនួន ១០០លានដុល្លារហុងកុង ដល់ជនណាដែលអាចកម្ចាត់សេ្តចចែកចាយគ្រឿងញៀនលេខ១នៅហុងកុងបាន ដូច្នេះហើយបានជាមានភាពច្របូកច្របល់នៅក្នុងសង្គម។

ជាក់ស្តែងណាស់ជាមួយនឹងសាច់រឿងប្រភេទវាយប្រហារ ទាត់ធាក់ បាញ់បោះ និងមានការសម្តែងដោយតួអង្គល្បីៗបែបនេះ ធ្វើឲ្យសាច់រឿងកាន់តែរំជួល និងល្អមើលខ្លាំងតែម្តង។ ចង់ដឹងថាតើសេដ្ឋីYu Shun-tin អាចកម្ចាត់ស្តេចគ្រឿងញៀនចេញពីសង្គមហុងកុងបានឬក៏យ៉ាងណា ក៏កុំភ្លេចណារឿងល្អមើលបែបនេះ មានបញ្ជាំងចាប់ពីថ្ងៃទី២៨ ខែសីហា គ្រប់សាខានៃរោងភាពយន្តលេជេន៕