លោកគ្រូបង្វឹក សាប៊ូន វិនតា នាំរូបថតលោកតាជាទីគោរពមកមើលការប្រកួតបាល់ទាត់ជាលើកចុងក្រោយ មុននឹងសពរបស់លោកតាត្រូវបូជា
សង្គម September 6, 2019 naren khmernote

ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 កាលពីរាត្រីថ្ងៃទី៥ ខែកញ្ញាម្សិលមិញនេះ កម្ពុជា បានតាមស្មើជាមួយនឹង ហុងកុង ជាលទ្ធផលយ៉ាងល្អប្រសើរសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដោយ កម្ពុជា ១-១ ហុងកុង។ លទ្ធផលនេះទោះបីជាស្មើគ្នាប៉ុន្តែប្រជាពលរដ្ឋកម្ពុជាជាអ្នកគាំទ្របានពេញចិត្តកោតសរសើរចំពោះទម្រង់លេងយ៉ាងស្វិតស្វានរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលធ្លាប់តែមានប្រវតិ្តចាញ់ហុងកុង ប៉ុន្តែយប់មិញអាចតាមទាន់ស្មើហើយវិះនឹងធ្វើឲ្យហុងកុង បុកពោះម្តងៗផងដែរ។

យ៉ាងណាមិញលោក សាប៊ូន វិនតា ជាគ្រូបង្វឹករបស់សាលាបាល់ទាត់ជាតិបាទី ក៏បានបង្ហាញពីមោទកភាពដែលកម្ពុជាបានកែប្រែនូវទម្រង់លេងឲ្យកាន់តែល្អប្រសើរជាងមុន។ ប៉ុន្តែអ្វីគួរឲ្យរំជួលចិត្តនោះលោកគ្រូក៏បាននាំរូបថតលោកតារបស់លោកគ្រូដែលបានចែកឋានកាលពីប៉ុន្មានថ្ងៃមុននេះមកទស្សនាការប្រកួតបាល់ទាត់ ធ្វើឲ្យមហាជនរំជួលចិត្តជាពន់ពេក។ ដោយលោកគ្រូ សាប៊ូន វិនតា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃនេះខ្ញុំបាននាំលោកតារបស់ខ្ញុំមកមើលការប្រកួតនេះដែរ។​ គាត់គឺជាមនុស្សដំបូងដែលធ្វើអោយខ្ញុំស្គាល់បាល់ទាត់។​ កាលពីខ្ញុំនៅក្មេងថ្ងៃមួយខ្ញុំបានអង្គុយមើលបាល់ទាត់ជាមួយលោកតារបស់ខ្ញុំហើយពេលនោះខ្ញុំចាំបានថាក្រុមកម្ពុជារបស់យើងចាញ់គេច្រើនណាស់ហើយគាត់ក៏អត់បានសប្បាយចិត្តដែរ។ ពេលនោះខ្ញុំបានបេ្តជ្ញាក្នុងចិត្តរបស់ខ្ញុំថាពេលខ្ញុំធំឡើងខ្ញុំចង់ក្លាយជាគ្រូបង្វឹកនៅក្នុងក្រុមជម្រើសជាតិ។ ​ខ្ញុំបានប្រាប់គាត់ថាថ្ងៃណាមួយក្រុមកម្ពុជានឹងខ្លាំង។​ ថ្ងៃនេះគឺជាថ្ងៃដែលគាត់មើលការប្រកួតចុងក្រោយមុននឹងថ្ងៃស្អែកសពរបស់គាត់ត្រូវបានបូជា។​ លោកតាគឺជាពុករបស់ខ្ញុំ”៕