មហាជនសម្តែងការមិនពេញចិត្ត ចំពោះហាងអាហារមួយនៅសិង្ហបុរី ព្រោះតែបានប្រើឈ្មោះ អង្គរវត្ត (Ang Kor Wat) តែបែរជាមិនមានលក់ម្ហូបខ្មែរ មានតែម្ហូបថៃ និងវៀតណាម

ថ្មីៗនេះ ផ្ទុះការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយមានភោជនីយដ្ឋានមួយនៅឯសិង្ហបុរី បានប្រើប្រាស់ អង្គរវត្ត ធ្វើជាយីហ៊ោហាង ប៉ុន្តែបែរជាមិនមានលក់ម្ហូបខ្មែរ មានតែម្ហូបថៃ និងវៀតណាម បង្កឲ្យមហាជន ជាពិសេសបងប្អូនខ្មែរខឹងសម្បារជាខ្លាំង។ យោងតាមប្រភពរបស់កញ្ញា ប៊ី សុធារី បានឲ្យដឹងថា៖ «សួស្ដីអ្នកទាំងអស់គ្នា ព្រឹកនេះខ្ញុំបានទទួលព័ត៌មានមួយពីបងស្រី Fi Yata មានភោជនីយដ្ឋានមួយកន្លែងក្នុងប្រទេសសិង្ហបុរី គឺបានប្រើឈ្មោះហាងថា “អង្គរវត្ត” និងបានប្រើឡូហ្គូ ប្រាសាទអង្គរវត្ត ដែលជារបស់ខ្មែរយើង ប៉ុន្តែមុខម្ហូបគឺមានតែរបស់ថៃ និងវៀតណាមប៉ុណ្ណោះ។

ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូបដែលរស់នៅជ្រកកោនក្រោមទឹកដីខ្មែរដែលមានប្រាសាទអង្គរវត្តជាអត្តសញ្ញាណ នាងខ្ញុំចង់អោយមានការបកស្រាយពីម្ចាស់ហាងមួយនេះ សូមបងប្អូនទាំងអស់គ្នាជួយធ្វើការ share បន្ត ឬផុសដោយខ្លួនឯងក៏បានដែរ ដើម្បីអោយមានការដោះស្រាយពីហាងមួយនេះ»។ ស្របពេលជាមួយគ្នានេះដែរ ម្ចាស់គណនីឈ្មោះថា Fi Yata ក៏បានបង្ហោះវីដេអូមិនពេញចិត្តដូចគ្នា និងសំណូមពរបងប្អូនទាំងអស់គ្នាឲ្យជួយស៊ែរដើម្បីទទួលបានបកស្រាយ៕

Written By

SAM