បន្ទាប់ពីការប្រកាសលទ្ធផលប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ទូទាំងប្រទេសរួចមក ក៏មានអ្នករីករាយ រំភើប ដោយសារតែទទួលបាននិទ្ទេស និងលទ្ធផល ដូចតាមការរំពឹងទុក ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតដែលទទួលបានលទ្ធផលពុំជោគជ័យនៅក្នុងការប្រឡង ជាហេតុធ្វើឲ្យបេក្ខជនទាំងនោះពិតជាមានសម្ពាធ និងតូចចិត្តចំពោះលទ្ធផល។

យ៉ាងណាមិញក៏មានអ៊ុំប្រុសមួយរូបដែលមានកូនប្រុសប្រឡងបាក់ឌុបនៅឆ្នាំ២០១៩ ប៉ុន្តែលទ្ធផលពុំជោគជ័យ បានលើកទឹកចិត្តដល់កូនប្រុសជាទីស្រលាញ់កុំឲ្យបាក់ទឹកចិត្ត ដោយសំណូមពរឲ្យឪពុកម្តាយ អាណាព្យាបាលដទៃដែលមានកូនប្រឡងមិនជោគជ័យ សូមមេត្តាកុំបន្ទោសកូនៗត្រូវធ្វើការលើកទឹកចិត្តឲ្យគ្នាខិតខំបន្ថែម។ ដោយគណនីហ្វេសប៊ុកឈ្មោះ Koung Phally បានសរសេររៀបរាប់ដែលជាសារដ៏មានន័យយ៉ាងដូច្នេះថា៖

“ប៉ាចង់ប្រាប់កូន និង មិត្តភ័ក្រ្តក្នុងបណ្តាញសង្គម FaceBook ថា ថ្ងៃនេះ ១០ ខែកញ្ញា ឆ្នាំ២០១៩ “ឪពុកម្នាក់នេះ ទទួលយកលទ្ធផលប្រឡងរបស់កូនបាន ” ប៉ាប៉ា! មិនបន្ទោសកូនទេ មានតែប៉ាអាណិតកូន ហើយប៉ាផ្តល់កំលាំងចិត្តដល់កូន កូនត្រូវខិតខំប្រឹងឈានទៅចាប់ជំនាញ ដើម្បីកសាងសុភមង្គលជាមួយក្រុមគ្រួសារវិញ។ លទ្ធផល ប្រឡងធ្លាក់ គឺជាបទពិសោធក្នុងការសិក្សារបស់កូនៗទេ ហើយអនាគតរបស់កូន មិនមែនស្ថិតនៅលើ សញ្ញាប័ត្រ 1 សន្លឹកនេះដែរ។ កូននៅមានអនាគតវែងឆ្ងាយណាស់ កុំអស់សង្ឃឹមអី ហើយក៏កុំទូចចិត្តនឹងវាសនាអី។ ប៉ាប៉ា ! ស្រលាញ់កូន ! ខ្ញុំសូមផ្តាំផ្ញើទៅ មិត្តភ័ក្រ្តក្នុងបណ្តាញសង្គម FaceBookទាំងអស់ ពេលកូនយើងធ្វើមិនបានល្អ សូមកុំបន្ទោសកូនយើងអី ផ្ទុយទៅវិញសូមជួយផ្តល់កំលាំងចិត្តដល់ពួកគាត់ ផង”៕