បន្ទាប់ពីការប្រកាសលទ្ធផលប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ទូទាំងប្រទេសរួចមក ក៏មានអ្នករីករាយ រំភើប ដោយសារតែទទួលបាននិទ្ទេស និងលទ្ធផល ដូចតាមការរំពឹងទុក ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតដែលទទួលបានលទ្ធផលពុំជោគជ័យនៅក្នុងការប្រឡង ជាហេតុធ្វើឲ្យបេក្ខជនទាំងនោះពិតជាមានសម្ពាធ និងតូចចិត្តចំពោះលទ្ធផល។

យ៉ាងណាមិញក៏មានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូបង្ហាញពីទឹកចិត្តឪពុកម្តាយដោយទោះបីជាកូនប្រុសមិនទទួលជោគជ័យក្នុងការប្រឡង ប៉ុន្តែពួកគាត់ជាអ្នកមានគុណមិនបានស្តីបន្ទោសចំពោះកូនឡើយ បែរជាបានផ្តល់នូវរង្វាន់ជាគ្រឿងអលង្កាដល់កូនប្រុស ព្រមទាំងបានប្រៀនប្រដៅលើកទឹកចិត្តឲ្យតស៊ូ។ នេះបើយោងតាមគណនីហ្វេសប៊ុក So Rifin បានបង្ហោះសាររៀបរាប់យ៉ាងមានន័យនៅលើបណ្តាញសង្គមថា៖

“នេះជាកាដូសម្រាប់កូនប្រុស ដែលខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល១២ឆ្នាំកន្លងមកនេះ បើទោះបីជាថ្ងៃនេះ កូនពុំទទួលបានលទ្ធផលល្អយកមកអោយប៉ាម៉ាក់ក៏ដោយចុះ ប៉ុន្តែប៉ាម៉ាក់នៅតែមានមោទកភាពនិងនៅតែចាំផ្តល់កម្លាំងចិត្តអោយកូនព្រោះកូនបានបញ្ចេញអស់ពីសមត្ថភាពហើយ កុំចុះចាញ់ណាកូនសម្លាញ់ ប៉ាម៉ាក់នៅក្បែរកូនជានិច្ច ខំម្តងទៀតណាកូនប្រុស។ ប៉ាម៉ាក់ជឿជាក់លើសមត្ថភាពរបស់កូនថាកូននឹងអាចធ្វើបានហើយអាចយកនិទ្ទេសល្អមកជូនប៉ាម៉ាក់ ប៉ាម៉ាក់សូមអរគុណដល់កូនប្រុសដែលតែងតែស្តាប់នូវដំបូន្មានរបស់ប៉ាម៉ាក់ ហើយប៉ាម៉ាក់ក៏សូមជូនពរអោយកូនជួបតែសេចក្តីសុខនិងជួបតែភាពជោគជ័យនៅក្នុងជីវិត ប៉ាម៉ាក់សូមសន្យាថានិងបង្ហាញផ្លូវវិជ្ជមានដល់កូននាថ្ងៃអនាគត និងត្រូវធ្វើតែអំពើល្អដើម្បីជាគំរូដល់គ្រួសារនិងសង្គមជាតិ”៕