បើនិយាយដល់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត ជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេសមួយចំនួនមុខជាបានស្គាល់រូបលោក ឬក៏ធ្លាប់បានស្តាប់ចម្រៀងរបស់គាត់ជាក់ជាមិនខាន។ បើទោះបីជាលោកបានចែកឋានទៅក៏ពិតមែន តែស្នាដៃចម្រៀងរបស់លោកគឺហាក់មិនរលុបសាបសូន្យឡើយ ដោយសព្វថ្ងៃនេះនៅតែទទួលបានការគាំទ្រ ព្រមទាំងត្រូវបានច្រៀងឡើងវិញដោយសិល្បករ សិល្បការិនីជំនាន់ថ្មី។ ថ្មីៗនេះបានឲ្យដឹងផងដែរថាខាងផលិតករភាពយន្តឯកសារជនជាតិបរទេសមួយរូប បានគ្រោងនឹងផលិតជាកម្រងខ្សែភាពយន្តប្រភេទឯកសារ ដែលនិយាយពីប្រវត្តិរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត។ យោងតាមប្រភពទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបរាប់ឲ្យដឹងថា៖

«លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ។ កាលពីថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:០០ព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សាអំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ Elvis Of Cambodia ដែលជាភាពយន្តឯកសារបង្ហាញពីវីរៈភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការរបស់ក្រសួងចំពោះគម្រោងដ៏មានសារសំខាន់នេះ»៕