ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករ និងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គម រហូតមានការប្តឹងផ្តល់គ្នា។ លោក តាន់ គីមសួរ ក៏បានបញ្ចេញយោបល់ចំពោះរឿងនេះដូចគ្នា ដោយលោកបាននិយាយថា៖ «បើមិនចាប់បុគ្គលដែលជេរប្រមាថពូជខ្មែរទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ទេ វាហាក់ដូចជាអយុត្តិធម៌ចំពោះចំប៉ីខ្មៅពេក។ បងឡុង និងអ្នករាល់គ្នាមានសិទ្ធលើកលែងទោសឲ្យបុគ្គលទាំងនោះបាន តែច្បាប់មិនអាចលំអៀងបានទេ»។

និយាយរំលឹកដល់ចំប៉ីខ្មៅបែបនេះ បងប្អូននៅចាំគាត់បានដែរទេ? ចំប៉ីខ្មៅ គឺជាយុវជនមួយរូបដែលមានឈ្មោះពិតថា យិន ហេង ត្រូវបានចៅក្រម ពេជ្រ វិជ្ជាធរ បង្គាប់ឲ្យអនុរក្ស​គុក​ព្រៃ​ស​នាំ​ខ្លួន​ ចំប៉ីខ្មៅ មកសាកសួរឡើងវិញនៅ​សាលាដំបូង​រាជធានី​ភ្នំពេញជុំវិញករណី “ញុះញង់​ឲ្យ​មានការ​រើសអើង”។ យិន ហេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបុគ្គលរូបនេះ បានបង្ហាញការខឹងសម្បារនិងជេរប្រមាថដល់ជាតិសាសន៍ខ្មែរថាជាពូជបាត់ដី បន្ទាប់ពីត្រូវជនមិនស្គាល់មុខបានខោកក្បាលនៅតាមសាធារណៈ៕