ឌី សូនីតា តារាសម្តែង និងចម្រៀងស្រីដែលមានទេពកោសល្យ និងសមត្ថភាព ជាពិសេសគឺមានប្រជាប្រិយខ្ពស់ក្នុងស្រទាប់យុវវ័យ។​ មួយរយៈក្រោយនេះតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំង លើសពីនេះនាងក៏បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំថ្មីមួយដែលត្រៀមនឹងចាក់បញ្ចាំងចំណងជើងថា “វាលប្រម៉ាញ់”។ ស្របពេលដែលកំពុងធ្វើដំណើរទៅបំពេញការងារ ចៃដន្យចំពេលស្ទះចរាចរណ៍ ឌី សូនីតា បានសម្រេចចិត្តចុះពីលើឡានដើម្បីស្វែងរកម៉ូតូឌុប ហើយភ្លេចយកកាបូបលុយមកជាប់ខ្លួនទៀត។

ដោយយោងតាមប្រភពសារដែលនាងបានបង្ហោះក្នុងហ្វេសប៊ុកថា៖ «កាដុងគ្មានជំរើសទេពេលនេះ ពូម៉ូតូឌុបជាអទិទេព ជាអ្នកតស៊ូដ៏អស្ចារ្យមហាលោតផ្លោះ ជាអ្នកមានគុណសម្បត្តិដ៏ធំបំផុត ក្នុងខណៈវេលានេះ។ តែអ្វីដែលសំខាន់កាដុងប្រញាប់ពេកពូអើយ រត់ចុះពីឡានភ្លេចដាក់កាបូបមក តែអ្វីដែលរឹតតែអស្ចារ្យទៅទៀតនោះ ចុះពីលើម៉ូតូគាត់មក ពូថាអាយដលគាត់ ចឹងមិនយកលុយទេ និយាយរួមពូម៉ូតូឌុបស្អាតដែរអោយលេខទូរស័ព្ទម៉ងទៅ សំខាន់ខ្លាចគេស្គាល់មុខអាយដល គាត់ក៏ហុចមួកអោយពាក់ទៀត ហ៊ឺមខ្ជិលយាយ ល្អយ៉ាងៗនេះអោយលេខម៉ងទៅ មិនចាំបាច់ពូសុំទេ កាដុងចឹង ទុកគ្រាន់សងលុយគាត់វិញហ្នឹងណា»៕