ខ្សែភាពយន្តហូលីវូតដ៏ល្បីគឺរឿង It: Chapter Two ដែលផលិតតាមសៀវភៅរបស់លោក Stephen King កំពុងតែចាក់បញ្ជាំងហើយប្រិយមិត្តមួយចំនួនប្រហែលជាបានទស្សនា ច្បាស់ណាស់ថាអ្នកណាៗក៏ភ័យខ្លាចនឹងតួអង្គត្លុកឈ្មោះ pennywise នេះដែរ ដោយតួអង្គនេះជាបិសាចដែលស៊ីក្មេងៗជាចំណី ហើយមានអាយុកាលរាប់លានឆ្នាំ ដែលពួនសង្ងំនៅក្រោមដីនៃក្រុង Derry ហើយរង់ចាំការវិលត្រឡប់មកវិញនូវក្រុម Loser ទាំង៧នាក់ ដើម្បីធ្វើការសងសឹក។

ជាការពិតមានអ្នកទស្សនាជាច្រើនដែលចាប់អារម្មណ៍នឹងតួអង្គត្លុករូបនេះ ហើយតួអង្គត្លុក pennywise គឺសម្តែងដោយលោក Bill Skarsgård ជាជនជាតិស្វីស មានអាយុ២៩ឆ្នាំ ក្រោយពីបានសម្តែងធ្វើជាតួអង្គត្លុកមហាជនជាច្រើនបានស្ងើចសរសើរជាខ្លាំងចំពោះការសម្តែងរបស់តារាប្រុសរូបនេះ ដោយបង្ហាញមុខមាត់ កាយវិការយ៉ាងរស់រវើក សាកសមជាតួត្លុកពិតៗ ។ តារាសម្តែងរូបនេះធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្ត “Atomic Blonde” ” deadpool 2″ និងរឿងភាគទូរទស្សន៍ “Divergent” ហើយរូបសម្រស់របស់តារាសម្តែងរូបនេះគឺអាចសម្តែងធ្វើជាព្រះរាជបុត្រ ក្នុងរឿងរបស់ Disney បានថែមទៀតផង។

និយាយឲ្យចំទៅគ្រួសាររបស់Skarsgård សុទ្ធសឹងតែជាអ្នកសិល្បៈ ដោយឪពុករបស់គាត់មានឈ្មោះ Stellan Skarsgård ធ្លាប់បង្ហាញខ្លួននៅក្នុងរឿង Thor របស់ Marvel ។ បងប្រុសបង្កើតឈ្មោះ Alexander Skarsgård ជាតារាសម្តែងដ៏ល្បីឈ្មោះ សម្តែងក្នុងរឿង “True Blood ” និង “Big Little Lies”។ យ៉ាងណាមិញ លោក Bill Skarsgård មានគូស្នេហ៍រួចទៅហើយគឺនាង Alida Morberg អាយុ ៣៤ឆ្នាំ ហើយអ្នកទាំងពីរទើបតែប្រកាសជាសាធារណថាពួកគេមានកូនស្រីជាមួយគ្នាហើយនាងមានអាយុជិត១ឆ្នាំហើយ៕