មួយរយក្រោយនេះយើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូបបានសាងមុខមាត់ដល់ប្រទេសជាតិជាខ្លាំង ក្នុងនោះមានដូចជាយុវជន ហុង ភារិន ដែលជានិស្សិតអាហាររូបករណ៍នៅប្រទេសថៃ ទទួលបានងារជា “អច្ឆរិយៈកម្ពុជា” តាមរយៈការសម្តែងសមត្ថភាពពិសេសនៃការចងចាំក្នុងកម្មវិធី SUPER 100 ប្រទេសថៃ។ កុមារា សាន់វ៉េ ក្មេងប្រុសវ័យឆ្លាតអាចចងចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥រូប ព្រមជាមួយប្រវត្តិរបស់ពួកគាត់បានយ៉ាងច្បាស់។ ប្អូនប្រុស ធុច សាឡិក កូនខ្មែរដ៏វៃឆ្លាតអាចនិយាយបានច្រើនភាសា និងបកស្រាយចម្រៀងបានយ៉ាងពីរោះ និងកុមារី ជុំ ចន្រ្ទស្រីនិច្ច ម្ចាស់ជ័យលាភីគិតលេខរហ័សលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ ២ អាចគិតលេខបានរហ័សជាងម៉ាស៊ីនគិតលេខទៅទៀត។

ឥឡូវនេះយើងមានកូនខ្មែរមួយរូបទៀតហើយ ដែលបានបង្ហាញខ្លួននៅឯបរទេស ដោយលើកនេះគឺនៅឯប្រទេសកូរ៉េវិញម្តង។ ដោយកាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះ មានជនជាតិខ្មែរមួយរូបបានបង្ហាញខ្លួនក្នុងកម្មវិធី Gukseok Special Foreigner Golden Bell ដែលមានបេក្ខជនជាជនជាតិបរទេសចំនួន១០០នាក់ ដែលមកពី ៣៨ប្រទេស ដើម្បីឡើងមកឆ្លើយសំនួរនៅក្នុងកម្មវិធី Golden Bell ដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ KBS។ ដោយយោងតាមគណនីឈ្មោះថា Jin Sojeong បានរៀបរាប់ឲ្យដឹងថា៖ «បើកទូរទស្សន៍ភ្លាម ឃើញប្អូនប្រុសដែលកាន់ ទង់ជាតិនៃប្រទេសកម្ពុជា។ ប្អូនមកប្រលងនៅក្នុងទូរទស្សន៍ KBS “골든벨 Golden Bell” ប្អូនប្រុសមកប្រទេសកូរ៉េ រយៈពេល ៣ឆ្នាំ៧ខែ មកក្នុងនាមធ្វើការនៅប្រទេសកូរ៉េនេះ។ រយៈពេល៣ឆ្នាំ៧ខែប្អូនប្រុសមិនដែលបានទៅលេងប្រទេសខ្មែរជាស្រុកកំណើតរបស់ប្អូននោះទេ ពីព្រោះតែប្អូនត្រូវសន្សំលុយដើម្បីជីវភាពគ្រួសាររបស់ប្អូននៅឯស្រុក។ ជូនពរអោយប្អូនប្រុសទទូលបានជោគជ័យគ្រប់ភារកិច្ច»។ យ៉ាងណាមិញចំពោះកម្មវិធីនេះពុំទាន់បានបញ្ចេញវីដេអូជាផ្លូវការនៅឡើយ៕