អ្នកឈ្នះពានរង្វាន់ America’s Got Talent ឆ្នាំ ២០១៩ ត្រូវបានប្រកាសជាផ្លូវការហើយ ដោយនៅឆ្នាំនេះម្ចាស់ជើងឯកគឺអ្នកចំរៀង Kodi Lee អាយុ ២២ ឆ្នាំ។ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយ Kodi ជាមនុស្សពិការភ្នែក និងមានជម្ងឺអូទីស្សឹម បានធ្វើឲ្យគណៈកម្មការទាំង៤ ស្ងើចសរសើរតាំងពីវគ្គដំបូងមកម្ល៉េះ រហូតទទួលបានបូតុងមាសពីគណៈកម្មការ។

នៅវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ Kodi បានច្រៀង និងលេងឧបករណ៍តន្ត្រីព្យាណូ នូវបទចម្រៀងរបស់លោក Calum Scott ដែលមានចំណងជើងថា “You Are the Reason” ដោយបានបកស្រាយចម្រៀងមួយបទនេះជាមួយនឹងតារាចម្រៀង Leona Lewis ។ Kodi ទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ហើយមហាជនជាច្រើនបានចូលរួមត្រេកអរដោយបានលើកឡើងថា Kodi ពិតជាសាកសមឈ្នះជាជ័យលាភីនៅក្នុងកម្មវិធីមួយនេះ៕