អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមយុវជនសំរាម បានបង្កើតឡើង ក្នុងគោលបំណងដើម្បីទទួលបានអនាម័យ និងបរិស្ថានស្អាតលើកកម្ពស់មុខមាត់ប្រទេស។ បើទោះបីជាពួកគេមិនទទួលបានប្រាក់កម្រៃអ្វីពីការចេញសកម្មភាពសម្អាតសំរាមជួយសង្គមក៏ពិតមែន តែពួកគេមិនដែលបោះបង់ចោលនោះឡើយ ដោយមានផែនការថ្មីៗជាច្រើនដូចជាការដាំផ្កាតាមប្រឡាយលូទឹកស្អុយ ការច្នៃសួនធ្វើពីសំរាម បង្កើតហាងកាហ្វេពុំយកប្រាក់ជំនួសដោយការយកសំបកផ្លាស្ទិកមកដោះដូរ ព្រមជាមួយនឹងការច្នៃកង់ម៉ូតូឡានធ្វើសួនផងដែរ។

ស្របពេលដែលក្រសួងទេសចរណ៍ចេញសេចក្តីប្រកាសថានឹងធ្វើការចូលរួមកម្មវិធី “ទិវាពិភពលោកស្អាត” គ្មានសំរាម លោក សាន់ ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមក៏បានអំពាវនាវដូចគ្នាឲ្យបងប្អូនរាល់គ្នាចូលរួមឲ្យបានច្រើនកុះករ ដោយកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមយុវជនសំរាម ក្រសួងទេសចរណ៍ អង្កការ Let Do It JICA ជប៉ុន ព្រមជាមួយបងប្អូនទាំងអស់គ្នាផ្ទាល់ ទីតាំងជួបជុំគឺនៅមុខវិទ្យាល័យ បាក់ទូក៕