កាលពីថ្មីៗនេះ LISA សមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បីឈ្មោះ BLACKPINK បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ក្រោយពីនាងបានបរិច្ចាគថវិកាចំនួន ១សែនបាត ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តអ៊ុប៊ុនថានី ប្រទេសថៃ។ តារាចម្រៀង K-POP ដែលមានដើមកំណើតជាជនជាតិថៃរូបនេះ ហាក់រឹតតែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាពិសេសហ្វេនក្លឹបនៅផ្ទាល់កាន់តែចូលចិត្ត និងលើកកោតសរសើរ។

ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានការរិះគន់ពីសំណាក់មន្ត្រីសភាស្រីមួយរូបឈ្មោះថា Pareena Kraikup ដោយនាងបានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ «ហេតុអ្វីបានជាប្អូន LISA មិនបរិច្ចាគប្រាក់នេះទៅមូលនិធិសាធារណៈរបស់រាជរដ្ឋាភិបាលដោយផ្ទាល់? ហើយជាតារាចម្រៀងលំដាប់អន្តរជាតិបែបនេះ ម៉េចបានជាប្អូន LISA បរិច្ចាគប្រាក់ត្រឹមខ្ទង់សែន? សូម្បីតែមន្ត្រីដែលមិនល្បីឈ្មោះដល់ប្អូនផងគេបរិច្ចាគលើសចំនួនហ្នឹងទៀត ព្រោះតែមន្ត្រីទាំងអស់គឺសុទ្ធតែស្រលាញ់ប្រជាជនខ្លួន ប្រជាជនគឺជាអ្នករើសពួកគាត់ឲ្យកាន់តំណែងដោយផ្ទាល់ មិនមែនដូចជាពាក្យដែលគេនិយាយថាមិនចេះធ្វើអ្វី ដេកចាំតែយកលុយពន្ធនោះឡើយ»។

ផ្ទុយពីការទទួលកោតសរសើរ មន្ត្រីសភាស្រីរូបនេះ បែរជាត្រូវមហាជនថៃ ជាពិសេសពីសំណាក់គាំទ្ររបស់ LISA ធ្វើការវាយប្រហារ និងវាយបកទៅវិញខ្លាំងៗពេញបណ្តាញសង្គម ព្រោះតែពួកគេមិនពេញចិត្តជាខ្លាំងចំពោះការលើកឡើងរបស់នាង៕