ប្រិយមិត្តជាច្រើនច្បាស់ជ្រាបរួចមកហើយថា​ផលិតកម្ម KH ជាផលិតកម្មចម្រៀង និងភាពយន្តដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលកាលពីមុនមានតារាល្បីៗជាច្រើនដែលជ្រកកោននៅក្នុងផលិតកម្មមួយនេះដូចជា កញ្ញា​ សុខ ពិសី អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ លោក សាន ផានិត ជាដើម ។ យ៉ាងណាមិញផលិតកម្មមួយនេះក៏បានបិទទ្វារដោយមិនដឹងមូលហេតុឡើយ ហើយម្ចាស់ផលិតកម្មលោក គឹម ហេង ក៏បានបាត់មុខពីពិភពសិល្បៈ ប្រើជីវិតសាមញ្ញដាំដុះបន្លែផ្លែឈើ ក្នុងនាមជាអ្នកចំការមួយរូប។ ក្នុងនោះផងដែលថ្មីៗនេះស្រាប់តែលោក គឹម ហេង បានបង្ហោះនៅលើបណ្តាញសង្គមថាលោកបានមកកាន់ក្រុងភ្នំពេញ ដើម្បីប្រកបរបរអាជីវកម្មតាមដងផ្លូវ នៅតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួត ដោយលក់ភេសជ្ជៈ អាវភ្លៀង និងម៉ាស ដោយអាជីវកម្មនេះលោកចំណាយទុន៥០០ដុល្លារ និងជួលដីនៅមុខផ្ទះគេក្នុងមួយខែ១០០ដុល្លារ ដោយលោកបានសរសេរសារយ៉ាងដូច្នេះថា៖

“អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុនអស់ជាងប្រាំរយដូល្លា ជួលមុខផ្ទះគេមួយខែមួយរយដុល្លា មិនដឹងម៉េចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួតបន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ។ ជាពិសេសបងៗប្អូនៗសិល្បៈករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំ ជិះកាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា”។ ក្រោយពីបានបង្ហោះប្រកាសពីមុខរបរថ្មី លោក គឹម ហេង ក៏បានបញ្ជាក់ថាចំណែកចំការនៅខេត្តលោកបានពឹងឲ្យអ្នកជិតខាងជួយមើល ហើយក៏មានមិត្តនៅក្នុងហ្វេសប៊ុករបស់លោក បានធ្វើការជូនពរឲ្យមុខរបរនេះជោគជ័យ ហើយ លោក គឹម ហេង ក៏បានឆ្លើយតបថា “បេះដូងខ្ញុំពេលនេះរីករាយ ទោះបីជាការចាប់ផ្តើមអាជីវកម្មតាមចិញ្ចឹមថ្នល់ក៏ដោយ ពិតជាមានន័យណាស់សំរាប់ខ្ញុំ អរគុណ”៕