ថ្មីៗនេះតារាកំប្លែងជើងចាស់ដែលមហាជនស្គាល់ច្បាស់នោះគឺ នាយកុយ បានប្រកាសនៅក្នុងបណ្តាញសង្គមថាខ្លួននឹងដឹកនាំក្រុមល្ខោនបាសាក់ទៅសម្តែងនៅឯវត្ត វត្តឈូងលៀបព្រះសីហនុរាជ ស្រុកស្អាងខេត្តកណ្តាល រយៈពេលបី៣យប់​ ដោយពុំយកប្រាក់។ យោងតាមប្រភពសាររបស់ នាយកុយ ដែលបានបង្ហោះក្នុងបណ្តាញសង្គមថា៖ «យប់ថ្ងៃ ២០! ២១! ២២! ក្រុមល្ខោនបាសាក់ប៉ូឡូសាវឿន កំពង់ស្ពឺ សំដែងនៅ​ វត្តឈូងលៀប ស្អាង​ មានខ្ញុំបាទ នាយកុយ ចូលរួមសំដែងទាក់ទងជួលលេខទូរស័ព្ទ ០១២ ៩៧ ០០ ០៧/០១១ ៨៥ ៣៨ ៥៣ អរគុណ ជួយស៊ែរផងកូនក្មួយ»។

ក្រោយពេលឃើញការប្រកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់ដល់ ក្រុមនាយកុយ ផងដែរ។ ដោយយោងតាមប្រភពលោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានឧបត្ថម្ភ២លានរៀល តាមរយៈ​ “មូលនិធិសិល្បៈចាស់ជរា” របស់សមាគមសិល្បករខ្មែរ ជូនក្រុមល្ខោនបាសាក់នាយកុយ​ បន្ទាប់ពីគាត់បានប្រកាសចូលលេងល្ខោនជូនបងប្អូនទស្សនាដោយឥតគិតថ្លៃ នៅវត្តឈូងលៀប​ ស្រុកស្អាង​ នៅថ្ងៃទី២០​ ខែ​ កញ្ញា​ ឆ្នាំ២០១៩​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ​»៕