មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ ហើយខណៈដែលខេត្តមួយចំនួន ជាពិសេសខេត្តព្រះសីហនុអាចនឹងប្រឈមមុខនឹងការជន់លិចខ្លាំងជាងគេនោះ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភអូប័រចំនួន២គ្រឿង ដល់រដ្ឋបាលស្រុកព្រៃនប់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

នេះបើយោងតាមប្រភពព័ត៌មានពីលោក ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា ៖ “លោកឧកញ៉ាទៀ វិចិត្រ បានឧបត្ថម្ភអូប័រចំនួន២គ្រឿង ដល់រដ្ឋបាលស្រុក ព្រៃនប់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។ ក្រោយទទួលបានជំនួយនេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក្នុងនាមរដ្ឋបាលស្រុក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារ ដែលបានឧបត្ថម្ភអូប័រនេះ ដល់រដ្ឋបាលស្រុក ប្រើប្រាស់ក្នុងមូលដ្ឋាន”៕