ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាអតីតម្ចាស់ផលិតកម្ម KH លោក គឹម ហេង បានបាត់មុខពីពិភពសិល្បៈបន្ទាប់ពីផលិតកម្មបិទទ្វារ ដោយលោកប្រើជីវិតសាមញ្ញដាំដុះបន្លែផ្លែឈើ ក្នុងនាមជាអ្នកចំការមួយរូប។ ក្នុងនោះលោក គឹម ហេង ក៏បានមកកាន់ក្រុងភ្នំពេញ ដើម្បីប្រកបរបរអាជីវកម្មតាមដងផ្លូវ នៅតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួត ដោយលក់ភេសជ្ជៈ អាវភ្លៀង និងម៉ាស ដោយអាជីវកម្មនេះលោកចំណាយទុន៥០០ដុល្លារ និងជួលដីនៅមុខផ្ទះគេក្នុងមួយខែ១០០ដុល្លារ។

បន្ទាប់ពីមានដំណឹងនេះធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះ អ្នកនាង សុខ ស្រីនាង ដែលធ្លាប់ជ្រកក្នុងផលិតកម្ម KH ក៏បានបង្ហាញការភ្ញាក់ផ្អើល ដោយសឹងតែមិនជឿថា ម្ចាស់ផលិតកម្ម KH ជាអ្នកមានគុណដែលផ្តល់កន្លែងឲ្យច្រៀងស្រាប់តែមកបង្កើតអាជីវកម្មនៅតាមដងផ្លូវ។ ដោយ សុខ ស្រីនាង បានសរសេររៀបរាប់ថា៖ “តេីវាជារឿងពិតឫយ៉ាងណា?? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហេីយនឹងភរិយា)​ គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់​ ហ៊ា….!!! សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ…RespectMyboss KHpromotion”៕