ឆេង ប្រសិទ្ធ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី២ ដែលមានរូបរាង និងមុខមាត់ស្រស់សង្ហាប្រៀបដូចជាកូនកូរ៉េ។ តារាវ័យក្មេងរូបនេះហាក់មានទីផ្សារសិល្បៈជាខ្លាំង ដោយមានការទាក់ទងចេញសម្តែងជាញឹកញាប់ ទាំងការចេញច្រៀងតាមខនសឺត ការថតស្ពតពាណិជ្ជកម្ម ព្រមទាំងចម្រៀងកាយវិការផ្សេងៗ។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ ថ្មីៗនេះទទួលបានដំណឹងថាតារាប្រុសវ័យក្មេង ឆេង ប្រសិទ្ធ កំពុងបោះជំហានចាប់អាជីពថ្មីមួយទៀត នោះគឺប្រឡូកក្នុងវិស័យសម្តែងខ្សែភាពយន្ត។ ដោយយោងតាមពាក្យសរសេរកោតសរសើរនៅលើបណ្តាញសង្គមពីសំណាក់អ្នកដឹកនាំលោក ជុំ សំអង​បានរៀបរាប់ថា៖ «កុមារា​ ឆេង​ ប្រសិទ្ធ​ អាយុ​ ៨ឆ្នាំ​ ពិតជាមានទេពកោសល្យ​ ការសិក្សាក៏ល្អ ជាមួយនឹងចំណេះដឹងទូទៅ​ល្អខ្លាំងណាស់​ ទោះមិនធ្លាប់ឆ្លងកាត់ការសម្តែងកុន​ ប៉ុន្តែគាត់ទទួលយកការណែនាំ​ និងបង្ហាញពីការប្រឹងប្រែង​ យកចិត្តទុកដាក់​ លេីការងារ​ ពោរពេញដោយភាពទទួលខុសត្រូវ ហេីយសម្តែងបានយ៉ាងល្អឥតខ្ចោះ»៕