សាន ផានិត តារាចម្រៀងប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ ដោយមហាជន និងប្រិយមិត្តភាគច្រើនបានស្គាល់រូបគាត់ថាជាតារាចំរៀងប្រុសមួយរូបដែលចូលចិត្តលេងស្ទាយសក់ត្រងោល និងជាម្ចាស់បទ “ជាប់រវល់”, “ទូរស័ព្ទប្រាប់ផង” ព្រមជាមួយបទល្បីៗជាច្រើនទៀត ទាំងបទជាភាសាខ្មែរ និងបរទេស។ តារាចម្រៀងប្រុសរូបនេះគឺត្រូវបានគេស្គាល់ថាត្រូវបានចល័តជាច្រើនផលិតកម្ម ពីមួយទៅមួយដែលក្នុងនោះមានដូចជាផលិតកម្ម រស្មីស្ទឹងសង្កែ, ផលិតកម្ម KH Promotion, និង ផលិតកម្ម យូធូ ជាដើម។

ស្រាប់តែថ្មីៗនេះលេចឮដំណឹងថាលោក គីម ហេង អតីតម្ចាស់ផលិតកម្ម KH បែរជាធ្លាក់ខ្លួនលក់ទឹកសុទ្ធ និងធ្វើចំការយ៉ាងសាមញ្ញ ក្រោយអាជីវកម្មបទចម្រៀងបានបិទទ្វារ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសតារាដែលធ្លាប់ច្រកក្រោនដំបូលផលិតកម្មមួយនេះ។ លោក សាន ផានិត ក៏បានបន្ថែមឲ្យដឹងថាមិនត្រឹមតែលោក គីម ហេង នោះទេសូម្បីតែអ្នកស្រី ស៊ួរ វ៉ាន់នី អតីតម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ ក៏បានធ្លាក់ខ្លួនផងដែរ។ ដោយលោកបានរៀបរាប់ថា៖ «បង គីម ហេង គាត់ធ្លាក់ខ្លួនលក់ទឹកសុទ្វ មីងម្ចាស់ផលិតកម្ម RSK គាត់ប្រាប់ខ្ញុំថាគាត់ក៏ធ្លាក់ខ្លួនលក់បាញ់ឆេវដែរ ខ្ញុំគិតថាពួកគាត់ថតលេង និយាយលេង»។ គួររំលឹកថាផលិតកម្ម​”រស្មី​ស្ទឹង​សង្កែ​” បានបង្កើតឡើង​នៅ​ឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១១ ផលិតកម្មក៏បានបិទទ្វារ ហើយក្ស័យធុនខ្ទង់​​ដល់ទៅ៥០ម៉ឺន​ដុល្លារ​ឯណោះនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន៕