បេក្ខភាពបវរកញ្ញាចក្រវាល Miss Universe Cambodia 2019 សំណាង អាលីណា ដែលមហាជនបានស្គាល់គាត់ច្បាស់ថាជានារីមានរាងតូចស្តើងស្រឡូនស្អាត មានសម្រស់ស្រស់ផូរផង់សក្តិសមជាម្ចាស់តំណែងបវរកញ្ញាតំណាងកម្ពុជានោះ ត្រូវបានស្ថាប័ន Missosology និង PEPPS បានអញ្ជើញចូលរួមធ្វើជាគណៈកម្មការកិត្តិយសមួយរូបក្នុងកម្មវិធីប្រលងជ្រើសរើសបុរសឯក Misters Of Filipinas 2019 ក្នុងវគ្គផ្តាច់ព្រ័ត្រ។ គួរររំលឹកឲ្យដឹងផងដែរថា បវរកញ្ញាចក្រវាលតំណាងកម្ពុជា សំណាង អាលីណា បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ហ្វីលីពីន ដើម្បីធ្វើការហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែម ត្រៀមខ្លួនក្នុងការចូលប្រកួត Miss Universe 2019 ដែលជាកម្មវិធីប្រលងជ្រើសរើសបវរកញ្ញាធំបំផុតរបស់ពិភពលោកនៅចុងឆ្នាំនេះ។

ឆ្លៀតក្នុងឱកាសការធ្វើដំណើរទៅហ្វឹកហាត់លើកនេះ សំណាង អាលីណា ក៏ទទួលបានការអញ្ជើញឲ្យធ្វើជាគណៈកម្មការកិត្តិយសក្នុងកម្មវិធី Misters of Filipinas 2019 នេះ។ សំណាង អាលីណា បានសម្តែងពីអារម្មណ៍របស់នាងនៅក្នុងបណ្តាញសង្គមថា៖ «វាគឺជាបទពិសោធន៍ដ៏ធំធេងមួយដែលនាងខ្ញុំត្រូវបានអញ្ជើញជាគណកម្មការកិត្តិយសក្នុងកម្មវិធីនេះ ដោយប្រទេសហ្វីលីពីនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានការប្រកួតជ្រើសរើសបុរសឯក និងកញ្ញាឯកទាំងពីរភេទ ធំៗជាច្រើន។ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រហ្វីលីពីន បានធ្វើឲ្យនាងខ្ញុំមានកម្លាំងចិត្តជាខ្លាំង។ សូមអរគុណ!»៕