លោក Sylvester Stallone ទម្រាំបានជោគជ័យដូចសព្វថ្ងៃលោកត្រូវតស៊ូបរាជ័យ មានពេលខ្លះគាត់ធ្លាក់ខ្លួនយ៉ាងខ្លាំងដល់ថ្នាក់លួចគ្រឿងអលង្ការរបស់ប្រពន្ធហើយលក់ រឿងរ៉ាវដែលកើតឡើងចំពោះគាត់កាន់តែអាក្រក់ទៅៗ រហូតដល់ថ្នាក់ធ្លាក់ខ្លួនគ្មានទីជម្រកទៀតផង។ ការតស៊ូរបស់លោកធ្វើឲ្យសព្វថ្ងៃនេះលោកមានទ្រព្យសម្បត្តិត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួន ៤០០ លានដុល្លារគិតត្រឹមឆ្នាំ ២០១៩។ ចំណែកជីវិតឯកជនលោកវិញលោកបានរៀបការ ៣ដងហើយនៅក្នុងជីវិត ដោយនៅឆ្នាំ១៩៧៤ លោកមានអាយុ២៨ឆ្នាំ លោកបានរៀបការជាមួយនឹង Sasha Czack មានកូនប្រុសពីរនាក់គឺ កូនច្បង Sage Moonblood Stallone (១៩៧៦–២០១២) បានស្លាប់ដោយសារជំងឺបេះដូងនៅអាយុ ៣៦ឆ្នាំ និង Seargeoh (កើតឆ្នាំ ១៩៧៩) ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺអូទីសឹមតាំងពីក្មេង។ អ្នកទាំងពីរបានលែងលះគ្នានៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ១៩៨៥។

លោក Stallone បានរៀបការជាមួយតារាម៉ូដែលនិងតារាសម្តែង Brigitte Nielsen នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៨៥ នៅ Beverly Hills រដ្ឋ California អាពាហ៍ពិពាហ៍របស់ពួកគេដែលមានរយៈពេលពីរឆ្នាំពុំមានកូនឡើយ។ ហើយនៅខែឧសភា ឆ្នាំ១៩៩៧ លោកក៏បានរៀបការជាមួយ Jennifer Flavin ដោយពួកគេមានកូនស្រី ៣ នាក់ឈ្មោះSophia, Sistine, និង Scarlet ។ តោះមកមើលរូបសម្រស់កូនស្រីទាំង៣ របស់តួអង្គ Ramboនៅខាងក្រោមនេះ៖

កញ្ញា Sophia Rose Stallone មានអាយុ២៣ឆ្នាំ កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩៦ កំពស់ 1.7 m បញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងនៅសាកលវិទ្យាល័យ Southern California មានអ្នកគាំទ្រជាង ១លាននាក់ នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម។ បំណងប្រាថ្នានាពេលអនាគតនាងចង់បណ្តាក់ទុនរកស៊ីបើកហាងលក់ គ្រឿងសំអាង យ៉ាងណាមិញសព្វថ្ងៃនេះកូនស្រីច្បងរូបនេះក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករបាល់ទាត់ Connor Spears។

កញ្ញា Sistine Rose Stallone អាយុ២១ឆ្នាំ កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៨ កំពស់ 1.75 m ជាតារាម៉ូដែលជនជាតិអាមេរិក នាងបានឈានចូលវិស័យដើរម៉ូតនៅក្នុងអាយុដ៏វ័យក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យឧស្សាហកម្មម៉ូត នាងក៏បានបង្ហាញខ្លួននៅលើទំព័រមុខនៃទស្សនាវដ្តីម៉ូដល្បីៗជាមួយនឹងបងប្អូនស្រីទាំង២របស់នាង។ គួររំលឹកថា Sistine បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Notre Dame ក្នុងរដ្ឋ California ។ នាងពូកែខាងសិក្សាហើយទទួលបានពិន្ទុល្អ តែដោយសារគោលដៅអាជីពរបស់នាងចង់ផ្តោតទៅលើវិស័យដើរម៉ូត ទើបនាងសម្រេចចិត្តបោះបង់ការសិក្សាមកចាប់យកជំនាញ ហើយពេលនេះនាងក៏ជោគជ័យដូចការរំពឹងទុក។

កញ្ញា Scarlet Rose Stallone អាយុ១៧ឆ្នាំ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០២​ ជាតារាសម្តែងវ័យក្មេង បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងភាពយន្តឯកសារ ‘Inferno: The Making of The Expendables’ នៅឆ្នាំ២០១០, បង្ហាញខ្លួននៅកម្មវិធីទូរទស្សន៍ ‘Late Show with David Letterman,’ និងរឿង ‘Reach Me’ ដែលបញ្ចាំងនៅឆ្នាំ២០១៤ ហើយរឿងនេះក៏មានការចូលរួមសម្តែងដោយឪពុក និងពូបង្កើតរបស់នាង។ យ៉ាងណាមិញសម្រាប់កូនពៅរូបនេះគឺជាមនុស្សចូលចិត្តភាពឯកជន ចូលចិត្តឃ្លាតឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយហើយកម្របើកកកាយអំពីជីវិតផ្ទាល់ខ្លួនរបស់នាងណាស់៕