ការបញ្ជូនកូនៗទៅសិក្សាគឺជាកត្តាដ៏សំខាន់មួយដែលឪពុកម្តាយគ្រប់រូបចាំបាច់ត្រូវតែធ្វើ ព្រោះតែវាជាកត្តាចំបងដែលតម្រង់ទិសដៅនៃអនាគតកូនៗគ្រប់គ្នា។ ដោយឡែកឪពុកម្តាយមួយចំនួនបានយល់ខុស ដោយខ្លាចកូនពុំចេះភាសាបរទេសបានបញ្ជូនបុត្រធីតាខ្លួនទៅរៀនភាសាបរទេសមុននឹងចូលរៀនភាសាខ្មែរ។

យោងតាមប្រភពលោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ បានឲ្យដឹងថាការគិតបែបនេះគឺជាកំហុសធំបំផុតរបស់ឪពុកម្តាយ ព្រោះតែបារម្ភខ្លាចកូនពុំចេះភាសាបរទេស បែរជាបញ្ជូនកូនខ្លួនទៅរៀនភាសាបរទេសដូចជាចិន អង់គ្លេស មុនភាសាខ្មែរ ដល់ពេលអញ្ចឹងក្មេងវានឹងចាប់បានភាសាបរទេសមុនភាសាជាតិ នៅពេលបញ្ជូនកូនមករៀនខ្មែរវិញបែរជាកូនពុំអាចចាប់បាន ឬរៀនពុំទាន់គេព្រោះខួរក្បាលដិតជាប់តែភាសាបរទេស។ ដោយឡែកឪពុកម្តាយមួយចំនួនទៀតបែរជាខិតខំបង្វឹកហាត់កូនខ្លួនដោយភាសាអង់គ្លេសតាំងពីកូនទើបចេះនិយាយ ដល់ពេលរៀនខ្មែរពុំទាន់គេមកបន្ទោសថ្នាក់ដឹកនាំ គុណភាពការអប់រំ លោកគ្រូអ្នកគ្រូ ទាំងដែលខ្លួនឯងជាអ្នកសាងកំហុសបែរជាមើលមិនឃើញកំហុសខ្លួន។

យ៉ាងណាមិញលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តែផ្តាំទៅឪពុកម្តាយគ្រប់រូបថាគួរបញ្ជូនកូនមករៀនភាសាជាតិជាមុន និងបណ្តុះពួកគាត់ឲ្យនិយាយភាសាជាតិឲ្យច្បាស់ព្រោះយើងរស់នៅលើទឹកដីកម្ពុជា ប្រើប្រាស់ភាសាជាតិខ្លួន លើកតម្កើងភាសាជាតិជាមុនសិន ពេលដែលគាត់អាចនិយាយភាសាជាតិច្បាស់ចាំបញ្ជូនគាត់ទៅរៀនភាសាបរទេសមិនទាន់ហួសពេលនោះទេ។ ដើម្បីដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖