រឿង Love Battle ឬ ធានារ៉ាប់រងស្នេហា២ឆ្នាំ ជាខ្សែភាពយន្តបែបមនោសញ្ចេតនា លាយកប្លែងសើចចុកពោះដែលនិយាយអំពីការលក់ធានារាប់រងស្នេហា២ឆ្នាំ ដែលលោកអ្នកមិនធ្លាប់បានលឺ នៅពេលដែលលោកអ្នកស្តាប់ហើយប្រហែលជាងឿងឆ្ងល់មិនខាន។ នៅក្នុងរឿងនេះ Jeed និង Than ម្នាក់ជាមេអណ្តើក ចំណែកម្នាក់ទៀតជាអ្នកលក់ធានារាប់រងស្នេហា ពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនសោះឡើយពីព្រោះអាជីពផ្ទុយគ្នា ប៉ុន្តែដោយសារនិស្ស័យទើបធ្វើឱ្យគេទាំងពីរបានជួបគ្នា ហើយក្លាយជាគូប្រជែងនឹងគ្នា។

យើងអាចនិយាយបានថា Jeed និង Than ជាគូប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញ ព្រោះពួកគេមានភារៈកិច្ចផ្ទុយស្រឡះពីគ្នា ដោយ Jeed ជាភ្នាក់ងាររកគូស្រករ មានបេសកកម្មត្រូវព្យាយាមធ្វើយ៉ាងណាឱ្យគូស្នេហាដែលមករកសេវាកម្មរបស់នាងបានរៀបការ និងកសាងគ្រួសារជាមួយនឹងគ្នា ឯ Than វិញមានបេសកកម្មធ្វើយ៉ាងណាឱ្យតែអតិថិជនដែលមកទិញធានារាប់រងស្នេហារបស់គេចែកផ្លូវគ្នាមុនពេលរយៈពេល២ឆ្នាំ។ ថ្ងៃមួយនាងJeed ត្រូបានផ្ទេរទៅធ្វើការជាមួយ Than ធ្វើឱ្យពួកគេត្រូវប្រឈមមុខគ្នាកាន់តែខ្លាំង ហើយនៅក្នុងការប្រកួតប្រជែងនេះពួកគេបានជួបប្រទះនូវរឿងជាច្រើន ជាពិសេសគឺជួបគូស្នេហ៍ប្លែកៗពីគ្នាស្ទើរតែគ្រប់ប្រភេទ ទើបធ្វើឱ្យអ្នកទាំងពីរកាន់តែយល់អំពីស្នេហាថាវាបែបណា ពេលនោះហើយក៏ជាពេលដែលអ្នកទាំងពីរបានចាប់ចិត្តនិងគ្នាដោយមិនដឹងខ្លួន។ បើលោកអ្នកចង់ដឹងថាការប្រកួតប្រជែងរវាងអ្នកទាំងពីរស្វិតស្វាញនេះដល់កម្រិតណា ហើយស្នេហារបស់គេបានជោគជ័យឫអត់នោះ កុំភ្លេចតាមដានទស្សនារឿងLove Battle ដែលមានចាក់បញ្ចាំងគ្រប់សាខានៃរោងភាពយន្ត Legend Cinema៕