កាលពីថ្មីៗនេះ ខាងក្រុមហ៊ុន Arise Agency បានផ្តល់ដំណឹងថាជ័យលាភីរងទី១នៃកម្មវិធី Miss Universe Cambodia ២០១៩ កញ្ញា ថោង ម៉ាឡា​ នឹងធ្វើជាតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាផែនដីកម្ពុជា ២០១៩ (Miss Earth ២០១៩)។ ពេលនេះឈុតតំណាងជាតិជាផ្លូវការសម្រាប់បវរកញ្ញាដ៏ស្រស់ស្អាតរបស់យើងបានចេញរូបរាងជាផ្លូវការហើយ ដោយមានច្នៃម៉ូត និងឧបត្ថម្ភដោយ Madam Boutiques Amy។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Dada Tueella បានរៀបរាប់ឲ្យដឹងថា៖ «ការខឹតខំប្រឹងប្រែងរបស់ពួកយើងឥឡូវចេញជារូបរាងហើយ ខុសទាស់សូមអធ្យាស្រ័យផង អរគុណក្រុមការងារទាំងអស់អត់គេងអត់បាយ អរគុណទឹកចិត្ត អរគុណ Madam Boutiques Amy សំរាប់ការឧបត្ថម្ភការច្នៃឈុតទាំងមូល។ ឈុត “ទេពរំដួល” ឬ “ទេពធីតាផ្ការំដួល” ឈុតនេះត្រូវបានប្រឌិតឡើងដោយការស្រមើស្រមៃអំពី “ទេពធីតាដែលគ្មានទុក្ខកង្វល់ រស់នៅយ៉ាងរីករាយ ស្រស់ថ្លា នៅក្នុងព្រឹក្សាដែលពោរពេញទៅដោយផ្ការំដួលដុះដេរដាស ចោលក្លិនយ៉ាងក្រអូបឈ្ងុយឈ្ងប់”។

“ផ្ការំដួល” គឺជាផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ធម្មជាតិរបស់បុប្ផាជាតិនេះមានត្របក ៣ ដូចស្លាបកង្ហារ មើលទៅរឹងមាំ តែទន់រលាស់ ចោលទងសំយុងចុះ ដោយដុះលេចបណ្ដូលដែលមានរាងក្ដោបស្រួច បង្កប់នូវគ្រាប់ដែលមានពណ៌ក្រហមដិតដូចត្បូងទទឹមដ៏វិសេស។ ផ្អែកតាមលក្ខណៈធម្មជាតិដ៏វិសេសទាំងនេះ ទើបការរចនាគ្រឿងលម្អស្មាទាំងសង្ខាង និង សំពត់ ត្រូវបានច្នៃសំយុង ប្រកបដោយក្បាច់លម្អ។ សភាពលក្ខណៈនៃផ្ការំដួលដែលមើលទៅរឹងមាំ តែទន់រលាស់នេះគឺជា “គុណតម្លៃដ៏វិសេសនៃនារីខ្មែរ” ដែលទន់ភ្លន់ តែពុំទន់ជ្រាយ ក៏ទើបនាំឱ្យការតុបតែងកាយ ជាវិសេស គឺការធ្វើសក់រលាស់ដូចទងភ្ញី និង ឱ្យកាន់ទងផ្កា ដោយយកតាមលំនាំ “ទេពអប្សរា” ដែលជានិមិត្តសញ្ញានៃព្រះរាជាណាចក្រកម្ពុជា។

នៅលើខ្នងរបស់នាង ផ្ការំដួល ដ៏ធំលាយឡំដោយក្បាច់ភ្ញីទេសយ៉ាងរស់រវើក និងឆ្លុះបញ្ចាំងឱ្យកាន់តែស៊ីជម្រៅអំពី “គុណតម្លៃនៃផ្ការំដួល” ដែលត្រូវបានបុព្វបុរសខ្មែរឱ្យតម្លៃ និង បានឆ្លាក់ជាក្បាច់លម្អប្រាសាទខ្មែរបុរាណ ដែលបង្ហាញថា៖ «ផ្ការំដួលតែងតែបានដង្ហែនៅក្នុងវឌ្ឍនភាពនៃអារ្យធម៌ខ្មែរ ដែលពុំអាចត្រូវបានកាត់ផ្ដាច់»៕ ឈុតតំណាងជាតិ Miss​ Earth Cambodia ២០១៩ គំនិតច្នៃប្រឌិតឈុតនេះគិតដោយ រំដួលលិចទឹក និងលោក Piseth Chhin គូដោយលោក Piseth Chhin ការរៀបចំច្នៃឈុតដោយ Piseth chin រំដួលលិចទឹក និង Madam Boutique Amy ឧបត្ថម្ភដោយ Madam Boutique Amy អរគុណ Arise Agency អរគុណប្អូនប្រុសសំណព្វ Lyheang Seyh សំរាប់ការជួយសំរាយអត្ថន័យនៃឈុតនេះ»៕