កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការចាក់ផ្សាយហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ដោយនៅ វគ្គ Judge Audition សប្ដាហ៍ទី ១ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ជាការពិតក្នុងនោះក៏មកមើលកុមារីឈ្មោះ ជា សុខលាភ អាយុ៨ឆ្នាំ មកពីរាជធានីភ្នំពេញ បកស្រាយបទចម្រៀង “មេម៉ាយសប្បាយចិត្ត” ដោយបទចម្រៀងនេះជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន។ អាយុទើបតែ៨ឆ្នាំទេ ប៉ុន្តែកុមារីរូបនេះបានបកស្រាយបទចម្រៀងពោរពេញដោយភាពក្រមិចក្រមើម ជាពិសេសថែមទាំងបានហៅគណៈកម្មការ ឆន សុវណ្ណរាជ ឡើងមករាំជាមួយថែមទៀតផង ដូច្នេះហើយ ជា សុខលាភ ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕