កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការចាក់ផ្សាយហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ដោយនៅ វគ្គ Judge Audition សប្ដាហ៍ទី ១ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះក៏មានកុមារីឈ្មោះ គីម ភីរដ្ឋរចនា អាយុ៩ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ក្លាហានមកស្រាយបទចម្រៀងមរតកដើម “ពេលមេឃស្រទំ” សំនៀងដើមពីអ្នកស្រី រស់ សេរីសុទ្ធា។ កុមារីរូបនេះបានបកស្រាយបទចម្រៀងដោយមនោសញ្ចេតនា ពីរោះរណ្តំ ដូច្នេះហើយ គីម ភីរដ្ឋរចនា ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការទទួលបានកាតមាសឆ្លងទៅកាន់វគ្គបន្ត៕