កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការចាក់ផ្សាយហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ដោយនៅ វគ្គ Judge Audition សប្ដាហ៍ទី ១ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះផងដែរក៏មានកុមារី ហ៊ាង មួយគា អាយុ៨ឆ្នាំ មានភាពក្លាហានមកប្រកួត ដោយយកបទចម្រៀងភាសាអង់គ្លេសចំណងជើង Shape Of You អ្វីដែលពិសេសនោះកុមារីរូបនេះបានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងខុសប្លែកពីបេក្ខជនដទៃទៀត។ ដោយធ្វើការបកស្រាយដោយមានភាពរស់រវើកអមជាមួយនឹងកាយវិការក្បាច់រាំ កុមារី មួយគា ទទួលបាន YES ៣ ពីគណៈកម្មការទទួលបានកាតមាសឆ្លងទៅកាន់វគ្គបន្ត៕