កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការចាក់ផ្សាយហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ដោយនៅ វគ្គ Judge Audition សប្ដាហ៍ទី ១ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះក៏មានកុមារីឈ្មោះ រ៉ន រ៉ានី អាយុ១៤ឆ្នាំ មកពីបាត់ដំបង បានបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងចំណងជើង “សុភមង្គលមិនមែនឋិតលើលុយមួយមុខ” ។ យ៉ាងណាមិញនៅមុនពេលបកស្រាយ រ៉ន រ៉ានី បានសម្រក់ទឹកភ្នែកដោយបានលើកឡើងថា ចង់ឈ្នះនៅក្នុងការប្រកួតដើម្បីយកទឹកប្រាក់១០០លានរៀល ដើម្បីឲ្យឪពុកម្តាយឈប់ឈ្លោះគ្នា។ ជាលទ្ធផលកុមារីរូបនេះបានបកស្រាយបទចម្រៀងពោរពេញដោយមនោសញ្ចេតនា ក្រអួនក្រអៅ ដូច្នេះហើយរ៉ន រ៉ានី ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង យ៉ាងណាក៏សូមជូនពរឲ្យ រ៉ានី ជោគជ័យជាបន្តនៅវគ្គក្រោយៗ៕