មិនធម្មតា! សំបុត្រការប្រគំតន្ត្រីរបស់ក្រុមចម្រៀងបុរស D2B លក់ចេញអស់គ្មានសល់ចំនួន 10,000 សំបុត្រ ក្នុងរយៈពេល៥នាទី
សិល្បៈ September 30, 2019 SAM

ជឿជាក់ថាបងប្អូនមួយចំនួនធំ មុខជាស្គាល់ និងធ្លាប់បានស្តាប់បទចម្រៀងរបស់ក្រុមថៃល្បីឈ្មោះ D2B ជាក់ជាមិនខាន។ D2B គឺជាក្រុមចម្រៀងបុរសដែលបង្កើតឡើងក្នុងឆ្នាំ 2001 មានសមាជិក៣រូប គឺ Big (Apichet Kittikorncharoen), Dan (Worrawech Danuwong) និង Beam (Kawee Tanjararak) ដោយក្រុមហ៊ុន RS promotion ប្រទេសថៃ។

បុរសសង្ហាទាំង៣​នាក់នេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្តព្រោះតែរូបរាងសង្ហា និងមុខមាត់ស្រស់ស្អាតរបស់ពួកគេ។ ជាអកុសលក្នុងឆ្នាំ2003 សមាជិកម្នាក់ឈ្មោះថា Big បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវក្លាយជាមនុស្សរុក្ខជាតិអស់រយៈពេលជាច្រើនឆ្នាំ ហើយរូបគេក៏បានបាត់បង់ជីវិតនៅក្នុងឆ្នាំ2007។ ក្រោយមកក្រុមចម្រៀងមួយនេះត្រូវបានរំសាយចោលទាំងស្រុង។

ថ្មីៗនេះ ដំណឹងល្អសម្រាប់ហ្វេនអ្នកគាំទ្រ D2B គឺពួកគេនឹងត្រៀមការប្រគំតន្ត្រីសារជាថ្មីដើម្បីរំលឹកអនុស្សាវរីយ៍ និងជួបជុំជាមួយប្រិយមិត្តរបស់ខ្លួន ដែលនឹងធ្វើឡើងនៅថ្ងៃទី16 ខែវិច្ឆិកា ខាងមុខនេះ។ ការប្រគំតន្ត្រីនេះមានឈ្មោះថា D2B Infinity Concert 2019 អ្វីដែលពិសេសនោះគឺ គ្រាន់តែបើកដាក់លក់សំបុត្រភ្លាម រយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះសំបុត្រចំនួន 10,000 សំបុត្រត្រូវលក់ចេញគ្មានសល់។ ប្រិយមិត្តជាច្រើននៅតែបន្តនិយាយថា D2B នៅតែជាក្រុមចម្រៀងដ៏ខ្លាំង និងមានឥទ្ធិពលមួយប្រចាំប្រទេសថៃ បើទោះបីជាពួកគេបានរំសាយក្រុមអស់រយៈពេលយូរឆ្នាំទៅហើយក្តី៕