ប្រិយមិត្តដែលតាមដានកម្មវិធីចម្រៀងX-Factor Cambodia ច្បាស់ជាជ្រាបរួចមកហើយថា ក្រុម THE GIRLS ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ គឺនៅសល់សមាជិកចំនួន២នាក់នោះគឺតែប៉ុណ្ណោះគឺ ថាន់ នឿថង និង កែវ ចន្ទដាលីន ដោយ ធឿន លីលី និង ជាតិ សុច្ចកា បានទទួលសម្លេងសារតិចជាងគេនិងបានចាកចេញពីកម្មវិធី។ យ៉ាងណាមិញក្នុងនាមជាអ្នកគ្រប់គ្រងនៅក្នុងក្រុម លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញអារម្មណ៍ចំពោះការចាកចេញរបស់ សុច្ចកា ព្រមទាំងបានជូនពរនៅក្នុងថ្ងៃខួបកំណើតយ៉ាងដូច្នេះថា៖

“មនុស្សពីរនាក់ដែលមិនដែលបានស្គាល់គ្នាពីមុនសោះ និស្ស័យបានអោយពួកយើងស្គាល់គ្នា លើកទី១ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក the voice Cambodia រដូវកាលទី២ វគ្គ the blind Auditions ដែលចាក់ផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៦ ធ្វើអោយខ្ញុំបានស្គាល់ក្មេងស្រីម្នាក់ឈ្មោះ ជាតិ សុច្ចកា កាលនោះប្អូនមិនទទួលបានជោគជ័យទេ តែខ្ញុំចាំថា ខ្ញុំបាននិយាយទៅការថា៖ បើសិនជាការស្រលាញ់និងមិនបោះបង់ ថ្ងៃមួយយើងនិងបានឃើញមុខគ្នាម្តងទៀត ដរាបណាការស្រលាញ់វិស័យមួយនេះ ។ គិតចាប់ពីពេលនោះមករយៈពេលជាង៣ឆ្នាំ ប្អូនបានវិលមកវិញម្តងទៀតប្រាកដមែន ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ វគ្គ judge Audition សប្តាហ៍ទី២ ប្អូនក៏ទទួលបានជោគជ័យទៅកាន់វគ្គជាបន្តបន្ទាប់ រហូតកម្មវិធីបានតំរូវអោយប្អូនក្លាយជាកូនក្រុមរបស់បង។

ប្អូនតែងតែខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនឯង យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ និង បញ្ចេញសមត្ថភាព រហូតធ្វើអោយបងមានជំនឿចិត្តជ្រើសរើសប្អូនពីវគ្គ judge house មកកាន់វគ្គ live show! ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ប្អូនតែងតែមិនបោះបង់ចោលការខំប្រឹង ពិសេសមិនដែលបង្ហាញអោយបងឃើញពីការព្រួយបារម្ភ ភ័យខ្លាច ឬ បាក់ទឹកចិត្តម្តងណាឡើយ ប្អូនក្លាហានរឹងមាំជានិច្ចនៅចំពោះមុខបង ជោគជ័យ៤សប្តាហ៍ជាប់គ្នាគឺជាមោទនភាពដែលកើតពីសមត្ថភាពនិងការព្យាយាម ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃ live show សប្តាហ៍ទី៥ ប្អូនស្រីបានចាកចេញពីកម្មវិធី អារម្មណ៍បងពិតជាសោកស្តាយណាស់ តែបងបានឃើញពីភាពល្អប្រសើររបស់ប្អូន ភាពក្លាហាន ដែលធ្វើអោយបងមានជំនឿចិត្តថា ប្អូនជាក្មេងស្រីដ៍រឹងមាំ ដែលបងហ៊ាននិយាយថា ទោះមិនជោគជ័យក្នុងការប្រកួតក៏ការអាចក្លាយជាតារាចម្រៀងល្បីម្នាក់ទៅថ្ងៃអនាគតបានដែរ ស៊ូ ហើយប្រឹងបន្តទៀតទោះប្អូនចាកចេញ តែបងនៅតែចងចាំនៅអនុស្សាវរីយ៍ល្អៗ ដែលពួកយើងមានពីកម្មវិធី ។ បងសោកស្តាយដោយការបាត់បង់ពួកយើងម្តងម្នាក់ៗ នៅសល់តែស្នាមញញឹមនិងរឿងរ៉ាវល្អៗដែលបានឆ្លងកាត់ជាមួយគ្នា ។ ថ្ងៃទី១ ខែតុលា រីករាយថ្ងៃកំណើតប្អូន Happy birthday to you my beloved sister សូមអោយប្អូនមានសុខភាពល្អ សំណាងល្អ សម្រស់ស្រស់ស្អាត កាន់តែពូកែ កាន់តែរឹងមាំ មានជោគជ័យក្នុងឆាកជីវិត និង សម្រេចគ្រប់បំណងប្រាថ្នា ។ ពីបងប្រុស”៕