ក្រោយពីឆ្លងកាត់ឧបសគ្គជីវិតជាច្រើនបែប ច្រើនយ៉ាងរួមគ្នារួចមក ទីបំផុតតារាចម្រៀងល្បីឈ្មោះលោក Boy Peacemaker និងតារាសម្តែង Jeab Pijittra បានដឹកដៃគ្នាចូលរោងការដោយពោរពេញស្នាមញញឹម កាលពីដើមឆ្នាំ២០១៩នេះ។ តារាប្រុសស្រីមួយគូនេះ ត្រូវបានមហាជនកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងក្រោយពេលដឹងថាពួកគេជាគូស្នេហ៍ដែលតស៊ូស្រលាញ់គ្នា ហ៊ានលះបង់គ្រប់យ៉ាងដើម្បីស្នេហា ជាពិសេសឆ្លងកាត់ពេលវេលាលំបាកជាមួយគ្នា ខណៈពេលដែលជួបឧបសគ្គភ្លើងឆេះហាង ខាតបង់ទ្រព្យសម្បត្តិធ្លាក់ខ្លួនក្រ នឹងជាប់បំពុលគេជាង៥០លានបាតកាលពីឆ្នាំ២០១៣។

ក្រោយពេលក្រោកឡើងវិញដើម្បីតស៊ូក្នុងឆាកជីវិតមួយនេះបន្តដោយពុំមានការចុះចាញ់លោក Boy និងអ្នកនាង Jeab ក៏បានសម្រេចគោលបំណងដោយបំពុលដែលជំពាក់គេអស់ជាង៦ឆ្នាំបានដោះរួចផុត ហើយពួកគេក៏បានដឹកដៃគ្នាចូលរោងការជាមួយភាពសប្បាយរីករាយ។ ក្រោយពេលរៀបការរួចមហាជនជាច្រើនសង្កេតឃើញថាគូស្នេហ៍មួយគូនេះ ហាក់ខិតខំធ្វើអំពើល្អជាច្រើនប៉ុន្តែពួកគេពុំដែលបង្ហាញឲ្យនរណាម្នាក់បានឃើញនោះឡើយ។ ជាក់ស្តែងគេតែងសង្កេតឃើញលោក Boy តែជួយដល់អ្នកក្រីក្រជាប្រចាំ ពេលខ្លះលោកឃើញអ្នកជួបជីវភាពខ្វះខាតក៏បានជួយពួកគេដោយស្នាមញញឹមរីករាយ លោកក៏បានជួយដល់លោកតាចាស់ៗមួយចំនួនដែលជាអ្នកលក់ការ៉េមកី និងប្រកបរបរផ្សេងៗរហូតត្រូវបានអ្នកគាំទ្រលួចថតបាន។

មហាជនជាច្រើនបានសម្តែងក្តីកោតសរសើរជាខ្លាំងដល់រូបលោក ព្រោះតែគ្រប់គ្នាយល់ថាលោកជាតារាចម្រៀងមួយរូបដែលធ្លាប់ឆ្លងកាត់ការលំបាក ស្គាល់ពីឧបសគ្គ និងភាពខ្វះខាតពេលដែលខ្លួនលោកបាត់បង់អ្វីៗគ្រប់យ៉ាងសូម្បីតែប្រាក់បង់ថ្លៃផ្ទះ ទឹកភ្លើង និងរកបាយហូបសឹងតែពុំបាន។ អ្នកគាំទ្ររបស់លោក Boy Peacemaker និងអ្នកនាង Jeab Pijittra សង្ឃឹមថាពួកគេនឹងនៅតែបន្តធ្វើសកម្មភាពសប្បុរសទាំងនេះ ជាពិសេសគឺរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល៕