ក្រោយពីសម្រេចជោគជ័យបេសកកម្មដាំកូនឈើជួយសង្គ្រោះផែនដីរួចមក គេសង្កេតឃើញថាលោក តាន់ គឹមសួរ នៅតែបន្តធ្វើសកម្មភាពជួយសង្គម និងការពារព្រៃឈើជាពិសេសលោកបានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមសកម្មភាពអភិរក្សសត្វផ្សោតទឹកសាបនៅដងទន្លេមេគង្គកម្ពុជាដែលជិតផុតពូជទៅ។ថ្មីៗនេះដែរ តាន់ គឺមសួរ បានបង្ហើបពីគម្រោងថ្មីមួយទៀតរបស់ខ្លួននោះគឺ ការឡើងភ្នំឱរ៉ាល់ដាំកូនឈរ ធ្វើជាមូលនិធិដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជាវិញម្តង។ យោងតាមប្រភពគណនីហ្វេសប៊ុកលោក តាន់ គឹមសួរ បានរៀបរាប់ឲ្យដឹងថា៖

«ជួបពិភាក្សាគ្នាអំពីគម្រោងឡើងភ្នំឱរ៉ាល់ និងដាំកូនឈើ ដើម្បីកៀងគរមូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាក្រោមប្រធានបទ៖ «ឡើងភ្នំឱរ៉ាល់ដើម្បីជិវិតកុមារកម្ពុជា» ដែលនឹងមានវត្តមានរបស់បងស្រី យឹម ឆៃលីន ជាប្រធានកិត្តិយសផងដែរ។ ខ្ញុំគិតថាកម្មវិធីនេះល្អ បានទាំងផ្តល់ការងារជូនប្រជាសហគមន៍ បានទាំងជួយផ្សព្វផ្សាយអំពីតំបន់ឱរ៉ាល់ និង បានទាំងរួមចំណែកជួយសង្គ្រោះដល់អាយុជិវិតកុមារកម្ពុជា ចុះពុកម៉ែបងប្អូនយល់ឃើញយ៉ាងណាដែរ?»៕