ប្រិយមិត្តបានជ្រាបរួចមកហើយនូវករណីបុរសម្នាក់បានទទួលមរណភាព នាវេលាម៉ោង ៩:៤៥នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យរុស្សី ដោយសារតែដកធ្មេញថ្កាមទាល់នៅមន្ទីរពេទ្យរដ្ឋមួយហើយបុរសរងគ្រោះបានអះអាងថាគ្រូពេទ្យសម្អាតមិនបានដិតដល់បណ្តាលឲ្យមានមេរោគ។ អ្វីដែលគួរឲ្យរំជួលចិត្តនិងកោតសរសើរចំពោះជនរងគ្រោះនោះ បុរសរូបនេះមុនទទួលមរណភាពបានផ្តាំផ្ញើទៅកាន់ប្អូនប្រុសរបស់ខ្លួន ត្រូវយកលុយដែលលក់ផ្ទះបាន​ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងដល់អង្គការកុមារកំព្រា។

នេះបើយោងតាមគណនីហ្វេសប៊ុក Chhay Panha Sith ជាមិត្តភក្តិរបស់ជនរងគ្រោះបានសរសេររៀបរាប់ថា៖ “សូមមហាសរសើរទឹកចិត្តសប្បុរសសំលាញ់ Keo Ratana នៅនាទីចុងក្រោយដែលខ្លួនមុនស្លាប់បន្តិច បានផ្តាំអោយប្អូនប្រុសរបស់ខ្លួន ត្រូវយកលុយដែលនឹងលក់ផ្ទះរបស់ខ្លួនចំនួន ៥០០០$ ជូនមន្ទីរពេទ្យគន្ធបុប្ផា និង ២០០០$ ជូនដល់អង្គការក្មេងកំព្រា។នៅនាទីចុងក្រោយហើយនៅតែគិតដល់អ្នកដទៃ ជាងយើងគ្រប់ៗគ្នាដែលមានសុខភាពល្អ និងរស់មានជីវិត។ សូមវិញ្ញាក្ខនសំលាញ់ទទួលបានកុសលល្អ និងចាប់ជាតិក្រោយមានសុខភាពល្អ អាយុវែង”។

គួររំលឹកថាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានបង្ហោះសាររៀបរាប់ថាខ្លួនបានទៅវះកាត់ដកធ្មេញថ្កាមទាល់ ដោយមានអ្នកគ្រូពេទ្យជាស្ត្រីវ័យចំណាស់ជាអ្នកធ្វើការវះកាត់ ហើយជនរងគ្រោះបានលើកឡើងថាគ្រូពេទ្យពុំបានសំអាតអោយបានដិតដល់ទេ សូម្បីសាច់ដែលនៅសល់កន្លែងផ្សេងក៏មិនកាត់ចេញដែរ រហូតដល់មេរោគឆ្លង ។ យ៉ាងណាមិញជនរងគ្រោះបានទទួលមរណភាពដោយសារតែដកធ្មេញថ្កាមទាល់នេះ មានមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងរិះគន់យ៉ាងចាស់ដៃមកលើគ្រូពេទ្យដែលពុំធ្វើការបានម៉ត់ចត់ ក្នុងនោះក៏មានការសំណូមពរឲ្យខាងមន្ទីរពេទ្យចេញមុខបកស្រាយផងដែរ៕